(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ភ្នាក់ងារអ្នកសង្កេតការណ៍បក្សនយោបាយសម្រាប់ពេលបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា (CPP) ឃុំជ្រៃ និងឃុំអន្លង់រុន ចំនួន១០០នាក់ ត្រូវបានបណ្តុះបណ្តាលរយៈពេល១ថ្ងៃ នៅទីស្នាក់ការបក្សឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមវត្តមានលោក នឹម ថូត ប្រធានក្រុមការងារចុះជួយស្រុកថ្មគោល, លោក អ៊ុក គឹមលេខ ប្រធានក្រុមការងារចុះជួយឃុំជ្រៃ និងឃុំអន្លង់រុន និងសមាជិកបក្សជាច្រើនរូបផងដែរ។
លោក នឹម ថូត បានថ្លែងថា បន្ទាប់ពីបានទទួលការវគ្គបណ្តុះបណ្តាលនេះរួច អ្នកសង្កេតការណ៍ត្រូវយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ ត្រូវចេះតាមដាន កត់ត្រារាល់សភាពការណ៍ក្នុងអំឡុងពេលបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ប្រធានក្រុមការងារចុះជួយស្រុកថ្មគោលរូបនេះ បានបន្តថា ទោះជាបក្ស មានការគាំទ្រច្រើនពីប្រជាពលរដ្ឋ និងទទួលជ័យជម្នះ នាពេលបោះឆ្នោតខាងមុខនេះក៏ដោយ តែពួកក្រុមចាញ់ឆ្នោត (ក្រុមប្រឆាំង) អាចនឹងរកវិធីរំខាននានា ក្នុងគោលបំណងបង្កបញ្ហា។
ជាមួយគ្នានេះ លោក អ៊ុក គឹមលេខ បានឲ្យដឹងថា ភ្នាក់ងារដែលត្រូវបានមកទទួលវគ្គបណ្តុះបណ្តាលថ្ងៃនេះ ភាគច្រើនសុទ្ធតែធ្លាប់មានបទពិសោធន៍ជាច្រើនកន្លងមក តែក៏ត្រូវទទួលការបណ្តុះបណ្តាលបន្តបន្ថែមទៀតឲ្យមានសមត្ថភាពខ្ពស់ ដើម្បីចុះទៅបំពេញការងារនៅពេលបោះឆ្នោតឲ្យកាន់តែមានប្រសិទ្ធិភាព។
លោកប្រធានក្រុមការងារចុះជួយជុំជ្រៃ និងឃុំអន្លុងរុនរូបនេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារសង្កេតការណ៍ទាំងអស់ថា ក្នុងនាមជាភ្នាក់ងារអ្នកសង្កេតការណ៍តំណាងបក្ស ត្រូវចេះសាមគ្គី សហការគ្នាឲ្យបានល្អ និងត្រូវក្លាហាន ក្នុងពេលអនុវត្តន៍ការងារ បើមានអ្វីមិនប្រក្រតី ត្រូវរាយការណ៍ប្តឹងទៅប្រធានការិយាល័យបោះឆ្នោត តាមឋានានុក្រមដើម្បីធ្វើការដោះស្រាយតាមច្បាប់៕