(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋ និងជ្រើសរើសមេដឹកនាំ ដែលបម្រើប្រជាពលរដ្ឋដឹងសុខទុក្ខពលរដ្ឋ ជាពិសេស ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព និងរីកចម្រើនគ្រប់វិស័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក សុខ លូ រួមនិងក្រុមការងារ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ បានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នូវស្ពានមួយកន្លែង ស្ថិតនៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
ក្នុងឱកាសនោះ លោក ជីវ គឹមអ៊ុន ចៅសង្កាត់អូរកន្ធរ បានធ្វើរបាយការណ៍អំពីការកសាងស្ពានមួយកន្លែងនេះ ដែលមានប្រវែង ៤,៥ម៉ែត្រ គុណ៦,៥ម៉ែត្រ ចំណាយថវិកាអស់ជិត ២០លានរៀល ជាចូលរួមរបស់សប្បុរសជន និងប្រជាពលរដ្ឋ ហើយស្ពាននេះ គឺជាការតភ្ជាប់ពីភូមិអូរកន្ធរជើង ក្រុងស្ទឹងសែន និងស្រុកកំពង់សា្វយ ដែលមានប្រជាពលរដ្ឋជាច្រើន ធ្វើដំណើរឆ្លងកាត់។
លោក សុខ លូ បានថ្លែងអំណរគុណ ដល់សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានលះបងនូវថវិកាផ្ទាល់ខ្លួន សម្រាប់កសាងដូចជា៖ ស្ពាន ផ្លូវ សាលារៀន វត្តជាដើម ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយនេះក៏ជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេះ ពីទឹកចិត្តជ្រះថ្លា សាមគ្គីភាពជាធ្លុងមួយផងដែរ។
អភិបាលខេត្តកំពង់ធំ បានបន្ថែមទៀតថា ផ្លូវថ្នល់ សាលា មន្ទីរពេទ្យ ត្រូវបានកសាង និងអភិវឌ្ឍន៍ ក្រោមបន្ទាត់នយោបាយ ដឹកនាំរាជរដ្ឋាភិបាល ដោយគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនឹងនោះដែរ លោកសូមឲ្យបងប្អូនត្រូវខិតខំអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពភាព របស់រាជរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ត្រូវយកចិត្តទុកដាក់ ជួយបង្ក្រាបរាល់បទល្មើសនានាដូចជា៖ បទល្មើសនេសាទ បទល្មើសព្រៃឈើ បញ្ហាគ្រឿងញៀន អំពើចោរកម្ម លួច ឆក់ ប្លន់ជាដើម។
លោកថា ការជួយបង្ក្រាបរាល់បទល្មើសនានាបែបនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅសុខដុមរមនា និងជំរុញឲ្យក្រុមការងារខិតខំធ្វើអំពើល្អ ចុះមូលដ្ឋានកើនឲ្យបានឡើងទ្វេដង ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋ ស្តាប់នូវសំណូមពររបស់ពួកគាត់ និងទទួលយកបញ្ហា ដែលពួកគាត់បានជួបប្រទះ ដើម្បីធ្វើការដោះស្រាយ បានទាន់ពេលវេលា៕