
បញ្ចូលសមាជិកថ្មីខេត្តកោះកុង១៥២នាក់, មន្រ្តីជាន់ខ្ពស់ប្រាប់ឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី២០ និងកុំជឿសំដីញុះញង់របស់ទណ្ឌិត សម រង្ស៊ី
03-06-2018 12:48
(កោះកុង)៖ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកថ្មបាំង ខេត្តកោះកុង លោក ស្រេង ហុង បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ។
ការអំពាវនាវនេះបានធ្វើឡើង ក្នុងឱកាសដែលលោកធ្វើជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន១៥២នាក់ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
ពីធីប្រកាសបញ្ចូលសមាជិកថ្មីនេះ ក៏មានការចូលរួមពី លោក អន សុធារិទ្ធ ប្រធានស្តីទីគណៈកម្មាធិការគណបក្សស្រុកថ្មបាំង និងលោក ចំរើន ទូច ប្រធានក្រុមការងារចុះជួយឃុំជីផាត រួមទាំងសមាជិក-សមាជិកា បក្សជាច្រើនរូបផងដែរ។
លោក ស្រេង ហុង បានថ្លែងទៀតថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍ សុខសន្តិភាព សេរីភាពពេញលេញ គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោកថា ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសល្អ ដែលនាំឲ្យប្រទេសជាតិ កាន់តែមានការរីកចម្រើនទៅមុខទៀត។
លោកបានឲ្យដឹងទៀតថា សូមប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ កុំជឿពាក្យញុះញង់របស់ទណ្ឌិត សម រង្ស៊ី ដែលជាសម្តីក្បត់ជាតិឡើយ ព្រោះការញុះញង់របស់ពួកក្បត់ជាតិ នាំមកនូវក្តីមហន្តរាយ ដល់ប្រទេសជាតិ។ ជាក់ស្តែង ក្តីអន្តរាយក្នុងរបប ប៉ុល ពត បានសម្លាប់មនុស្សមិនញញើតដៃ ឪពុកម្តាយមិនស្គាល់កូន កូនមិនស្គាល់ឪពុកម្តាយ ហើយពួកក្បត់ជាតិ មិនដែលមករួមសុខទុក្ខជាមួយ ប្រជាពលរដ្ឋទេ នៅពេលមានទុក្ខលំបាក ឬជួបបញ្ហាអ្វីមួយដែលបានកើតឡើង។
បើតាមលោក ស្រេង ហុង មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច៕