Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស២នាក់ រងរបួសធ្ងន់ ខណៈរថយន្តធំ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ និងកកស្ទះចរាចរលើថ្នល់ជាតិលេខ៣ នៅស្រុកទឹកឈូ

03-06-2018 12:43

(កំពត)៖ អ្នកបើកបរ និងព្រូរថយន្ត រងរបួសធ្ងន់ ដោយសាររថយន្តធំៗ២គ្រឿង បុកគ្នាលាន់ឮដូចរន្ទះ រ៉េឈរកាត់ទទឹងថ្នល់ បណ្តាលឲ្យកកស្ទះចរាចរ នៅម៉ោង០៨៖៥០នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ចំណុចខាងលិច ផ្លូវចូលកំពុងផែថ្មីវិញហួរ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកជញ្ជូនធន់ធំ ម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ សៀមរាប3A-1505 បើកបរក្រោមមេឃ កំពុងធ្លាក់ភ្លៀង ក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត លុះជិតដល់ចំណុចកើតហេតុ បានបើកវ៉ាម៉ូតូ១គ្រឿង ហើយក៏រអិលជ្រុលទៅបុករថយន្តធន់ធំ១គ្រឿងទៀត ម៉ាកហ្វុយសូ ពណ៌ស ដែលខ្ទាតស្លាកលេខធ្លាក់បាត់ ក្នុងទិសដៅបញ្ជ្រាស់គ្នា លាន់ដូចរន្ទះបាញ់ ក៏បណ្តាលឲ្យអ្នកបើកបរ និងព្រូរថយន្ត២នាក់ ដែលមិនទាន់ស្គាល់ឈ្មោះរងរបួសធ្ងន់។

មន្ត្រីនគរបាលដដែលរូបនេះ បានបន្ដទៀតថា រីឯអ្នកបើកបររថយន្ត ហ៊ីយិនដាយសំណាងល្អ ក្រោយហេតុការណ៍ភ្លាម បានចុះរត់គេចខ្លួនបាត់។ ចំពោះរថយន្តទាំង២គ្រឿង ខូចខាតកម្រិតធ្ងន់។ ចំណែកស្ថានភាពលើផ្លូវ មានការកកស្ទះចរាចរ និងមានរថយន្តមួយចំនួន បានរកផ្លូវវាងដើម្បីសម្រួលការកកស្ទះ និងរហូតមកដល់ពេលនេះ រថយន្តទាំង២គ្រឿង កំពុងនៅកន្លែងកើតហេតុដដែល៕