(កណ្តាល)៖ នាព្រឹកថ្ងៃអាទិត្យ ០៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ លោក ណុប រ័ត្ននិមល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណៈពង្រឹងមូលដ្ឋាន ស្រុកកណ្តាលស្ទឹង បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ យុវជន កម្មករ-កម្មការិនីចំនួន០៣ឃុំ គឺឃុំត្រពាំងវែង ឃុំថ្មី និងឃុំត្បែងសរុបចំនួន៦៣៨នាក់ ស្ថិតនៅបរិវេណស្នាក់ការ គណបក្សប្រជាជនកម្ពុជាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក លោកស្រី ដែលជាក្រុមការងារយុវជនគណៈពង្រឹងមូលដ្ឋានស្រុក ឃុំ និងប្រធាន អនុប្រធាន យុវជនស្រុក ឃុំភូមិ ព្រមទាំងមន្ត្រីបក្សស្រុក ឃុំ ភូមិក្នុងស្រុកកណ្តាលស្ទឹងផងដែរ។
ថ្លែងនៅក្នុងពិធីដ៏មានអត្ថន័យនោះ លោក ណុប រ័ត្ននិមល បានក្រើនរំលឹកដល់យុវជនទាំងអស់ថា «យើងជាយុវជន និងជាសមាជិករបស់គណបក្ស ហេតុនេះត្រូវធ្វើជាភ្នែក ជាច្រមុះឲ្យបក្ស ពោលគឺត្រូវចេះពន្យល់ ណែនាំ កែតម្រូវដល់យុវជនដូចគ្នា និងពុក ម៉ែ បងប្អូនឲ្យយល់ពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់បក្សប្រជាជនយើងក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា»។
លោកបានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាយើង ស្ថិតនៅលេខរៀងទី២០ គឺងាយស្រួលសំរាប់ប្រជាពលរដ្ឋងាយចាំ ងាយគិត និងងាយគូស ដើម្បីគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្រ្តី បន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចំរើនបន្ថែមទៀត»។
លោកចាត់ទុកថា ការញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត គឺជាទង្វើខុសច្បាស់ ហើយនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ផងដែរ។ «យើងទាំងអស់គ្នាប្រឆាំងដាច់ខាត បដិវត្តន៍ពណ៌ និងត្រូវចេះសាមគ្គីគ្នា ដើម្បីទប់ស្កាត់រាល់ជនទាំងឡាយណា ដែលមានបំណងញុះញង់ និងចង់បង្កឲ្យមានបដិវត្តន៍ពណ៌លើទឹកដីព្រះរាជាណាចក្រកម្ពុជា»។
ដោយឡែក ចំពោះបងប្អូនកម្មករ-កម្មការិនីវិញ លោកបានថ្លែងថា ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ជាពិសេស ដោយសម្តេចតេជោ ចុះជួបផ្ទាល់ជាប្រចាំ និងទទួលបានអត្ថប្រយោជន៍ជាច្រើនមានជាអាទិ៍៖
*ការចេញមុនម៉ោង១៥នាទីសម្រាប់កម្មការិនីមានផ្ទៃពោះ
*ទទួលបានប្រាក់ខែគោល អប្បរមា១៧០$/ខែ
*ជិះរថយន្តក្រុងដោយឥតគិតថ្លៃ សម្រាប់អ្នកធ្វើការនៅរាជធានីភ្នំពេញ
*ឈប់សម្រាកសម្រាលមាតុភាពដោយទទួលបានប្រាក់ខែ១២០%
*ព្យាបាលជម្ងឺដោយមិនគិតប្រាក់នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ
*ទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្ត្រីរាជការចាប់ពីឆ្នាំ២០១៩តទៅ
*ទទួលបានប្រាក់ឧបត្ថម្ហ៤០០.០០០៛ (កូន០១), ៨០០.០០០៛ (ភ្លោះ០២), ១.២០០.០០០៛ (ភ្លោះ០៣) និងឧបត្ថម្ភ៥,០០០,០០០៛ ក្នុងពេលឆ្លងទន្លេតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ( ប.ស.ស)។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់មន្ត្រីបក្សស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋ យុវជន កម្មករ-កម្មការិនីអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយជួយជម្រុញពុកម៉ែ បងប្អូន ពិសេសមិត្តភ័ក្រ្ត នៅកន្លែងការងារ នៅតាមរោងចក្រនានា អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ លោកបានថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋ យុវជន ព្រមទាំងបងប្អូនកម្មករ-កម្មការិនី ដែលមានជំនឿជឿជាក់ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្នុងអណត្តិកន្លងមក និងនៅតែបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀតផងដែរ៕