(ភ្នំពេញ)៖​ លោក​ស្រី​ កែវ​ សុគន្ធា​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេច​ចោទ​ប្រកាន់​បុរសជនជាតិវៀតណាម ដែលចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រីអាយុ៤ឆ្នាំ​ រួច​សម្លាប់​ញាត់​ចូល​ពាង​ ​ពី​បទ «ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​» តាម​មាត្រា​២០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។

បើតាមមាត្រា​២០៥ ចែង​ថា​ «ឃាតកម្ម​ដែល​កើត ​ក្នុង​ពេល​ឬ​ក្រោយ ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ​អស់​មួយ​ជីវិត»​

គួររំលឹកថា ជនជាតិវៀតណាមល្មោភកាមខាងលើ សង្ស័យដោយសារឥទ្ធិពល នៃគ្រឿងញៀន បានចាប់ក្មេងស្រីអនីតិជន ជាជនជាតិវៀតណាមដូចគ្នា មានវ័យទើបតែ៤ឆ្នាំ ដើម្បីបង្ខាំង បង្ខំរំលោភ រួចមួលកបំបាក់សម្លាប់ចោល ហើយយកសាកសពទៅញាត់ចូលក្នុងកូនពាងទឹក យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដើម្បីបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅ ត្រូវជាប់ខ្នោះនគរបាល ខណៈពេលកំពុងព្យាយាមរត់គេចខ្លួន។

បើតាមសេចក្ដីរាយការណ៍ ពីក្រុមប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុ បានឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជួរមាត់ទន្លេ ក្នុងភូមិក១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានគេស្គាល់ថា មានឈ្មោះ ង្វៀង យ៉ាំងយី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរពីមុនលក់ដំឡូងជៀន បច្ចុប្បន្នជាអ្នកប្រើប្រាស់គ្រឿងញៀន ស្នាក់នៅក្រុម៥ ភូមិក១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

រីឯជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ដោយសារជនសង្ស័យរំលោភសេពសន្ទវៈរួច មួលកបំបាក់ចោលមានឈ្មោះ ស​ ច អាយុទើបតែ៤ឆ្នាំប៉ុណ្ណោះ រៀននៅសាលាមត្តេយ្យ ក្នុងសង្កាត់ស្វាយប៉ាក មានឪពុកឈ្មោះ ថ ហ អាយុ៣២ឆ្នាំ មុខរបរកម្មករដឹកទឹកកក និងម្ដាយឈ្មោះ ម ច អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្បែរទីតាំងកើតហេតុ។

ប្រជាពលរដ្ឋ បាននិយាយតៗគ្នាថា នាវេលាម៉ោងជាង៦ព្រលប់ៗ ថ្ងៃទី២៩ ខែឧសភា ពោលគឺនៅមុនពេលកើតហេតុ គេបានឃើញឪពុកម្ដាយក្រុមគ្រួសារ របស់ក្មេងស្រីរងគ្រោះ កំពុងតែឆ្លេរឆ្លាដើររកកូនស្រី ផ្អើលពេញភូមិ តែរកពុំឃើញឡើយ និងឃើញតែជនសង្ស័យមានអាការៈស្លេកស្លាំងប្លែក លុះមួយសន្ទុះក្រោយមក ស្រាប់តែបាត់ខ្លួនជនសង្ស័យទៅហើយ និងមានការសង្ស័យកាន់តែខ្លាំង ទើបនាំគ្នាដើរទៅក្រឡឹងផ្ទះ របស់ជនសង្ស័យដែលនៅក្បែរគ្នា និងអើតចូលរកមើលមិនឃើញកូនស្រីនោះទេ។

ប្រជាពលរដ្ឋបន្ដទៀតថា បែរជារកឃើញសាកសពកូនស្រី នៅក្នុងកូនពាងទឹក លើផ្ទះខ្ពស់មួយទៀត ដែលទុក្ខចោលគ្មានមនុស្សរស់នៅជាប់ផ្ទះ របស់ជនសង្ស័យតែម្ដង បង្កឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ បើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ដែលបម្រុងរត់គេចខ្លួន ដើម្បីយកមកធ្វើការ សាកសួរតាមជុំនាញ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការបន្តនិតិវិធី។

ដោយឡែក សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋានក្បែរនោះ៕