(កណ្ដាល)៖ លោក កៅ ថាច ប្រធានក្រុមការងារចលនាយុវជនស្រុកល្វាឯម តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួម កម្មវិធីសំណេះសំណាល និងធ្វើបច្ចុប្បន្នភាពយុវជន និងផ្សព្វផ្សាយអំពីសភាពការណ៍ថ្មី ជូនដល់យុវជន គណបក្សប្រជាជនកម្ពុជា ដែលមកពីឃុំ ទឹកឃ្លាំង ឃុំថ្មគរ ឃុំព្រែករៃ ឃុំភូមិធំ នៃស្រុកល្វាឯម សរុបប្រមាណ១១៦នាក់។
ឆ្លៀតក្នុងឱកាសនោះ បន្ទាប់ពីបទអន្តរាគមន៍របស់លោក កៅ ថាច ស្តីពី សភាពការណ៍ នយោបាយថ្មីៗ ជូនដល់យុវជន និងបន្ទាប់ពីបានស្តាប់នូវការប្តេជ្ញាចិត្ត របស់យុវជនរួចមក លោក កៅ ថាច បានធ្វើការណែនាំ និងសំណូមពរ ដល់បងប្អូនយុវជន រួមមាន៖
១៖ យើងត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយសន្លឹកឆ្នោត របស់យើងគឺគូសលេខ២០។ សន្លឹកឆ្នោតរបស់យើង គឺសម្រាប់គណបក្សប្រជាជនតែមួយគត់ ដែលមានសម្តេចតេជោជាប្រមុខ។
២៖ ត្រូវបន្តចុះតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីជំរុញ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
៣៖ ចូលរួមផ្សព្វផ្សាយនូវអំពើល្អ និងសមិទ្ធិផល របស់គណបក្សប្រជាជន ដែលសម្រេចបាននាកន្លងមក ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការរក្សាបាននូវសមធម៌ សុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ និងកំនើន ដែលទាំងនេះ គឺសុទ្ធសឹងជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។
៤៖ ក្នុងនាមជាយុវជន របស់គណបក្សប្រជាជនកម្ពុជា ត្រូវមានភាពស្មោះត្រង់ជាមួយគណបក្ស និងថ្នាក់ដឹកនាំ ជាពិសេសជាមួយប្រជាជន។
ម្យ៉ាងទៀត យុវជនត្រូវខឹតខំរៀនសូត្របន្ថែម ទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីកែប្រែខ្លួនជាយុវជនគំរូ និងជាយុវជនបន្តវេន នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្តរបស់ខ្លួន។ បន្ថែម លើនេះ លោក កៅ ថាច បានឧបត្ថម្ភថវិកា ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់យុវជនទាំង១១៦នាក់ ក្នុងម្នាក់ចំនូន២០,០០០រៀលផងដែរ៕