(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបមេខ្យល់១ក្រុម ដែលបានធ្វើសកម្មភាពនាំនារីខ្មែរ ចំនួន៣០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៨ យកទៅលក់ឲ្យបុរសជនជាតិចិន នៅប្រទេសចិន ធ្វើជាប្រពន្ធ។
ក្នុងប្រតិបត្តិការនេះ ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្ដកំពងស្ពឺ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
ក្នុងប្រតិបត្ដិការ ខាងលើនេះ កម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមមាន៖
១៖ ឈ្មោះ ស៊ូ សុភាព ហៅស្រីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាមេខ្លោង
២៖ ឈ្មោះ ឃួន សារ៉ាវុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកសម្របសម្រួល
៣៖ ឈ្មោះ សុខ សុទ្ធារក្ស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកនាំស្រ្ដីខ្មែរទៅចិន
៤៖ ឈ្មោះ ផល ផា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកដឹកជញ្ជូន។
អ្នកទាំង៤នាក់នេះ ស្នាក់នៅផ្ទះជួលលេខ ៩៤B ផ្លូវ១៥០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមការស្រាវជ្រាវជនសង្ស័យខាងលើ បានធ្វើសកម្មភាពឃោសនាជ្រើសរើស នាំនារីខ្មែរបានចំនួន៣០នាក់ ចេញពីប្រទេសកម្ពុជានាំឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសចិន ដើម្បីរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ដោយបានតម្លៃក្នុងម្នាក់ៗ ចាប់ពី៥,០០០ ដល់១០,០០០ដុល្លារ។
សមត្ថកិច្ចបានធ្វើការដកហូតចេញសម្រាប់ដឹកជញ្ជូនស្ដ្រីខ្មែរ២គ្រឿង (១គ្រឿងម៉ាក Lexus RX330 ពណ៌ស្ក ស្លាក់លេខ ភ្នំពេញ ២AS-៨០២៨ និង១គ្រឿងទៀតម៉ាក Lexus RX330 ពណ៌ខ្មៅ ស្លាក់លេខ ភ្នំពេញ ២N-៦១៨០) និងលុយ៩,៥០០ដុល្លារអាមេរិក និងទូរស័ព្ទដៃចំនួន៨គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែសម្រាប់ករណីនេះមជ្ឈដ្ឋានមួយចំនួននឹងរង់ចាំចំណាត់ការរបស់តុលាការលើក្រុមមេខ្យល់ទាំងនេះ៕