(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលះបង់គ្រប់បែបយ៉ាងទម្រាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ដូចពេលបច្ចុប្បន្ន។
ការលើកឡើងនេះ របស់តំណាងរាស្ត្រវ័យក្មេងរូបនេះ ខណៈលោកបានអញ្ជើញក្នុងពិធីដាក់សម្ពោធ ឲ្យប្រើប្រាស់ផ្លូវបេតុងប្រវែង៤,៨៥០ម៉ែត្រ និងបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រវែង ៣,៦០០ម៉ែត្របន្ថែមទៀត ស្ថិតនៅភូមិត្រពាំងត្រស់ ឃុំសំរោងទង ស្រុកសំរោងទង នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
ពិធីសម្ភោធនេះ អមដំណើរដោយ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីប្រជាពលរដ្ឋជាង១០០០នាក់។ នៅចំពោះមុខប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម លោក ហ៊ុន ម៉ានី បានទទូចឲ្យនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងជ្រើសរើសមេដឹកនាំដែលបម្រើប្រជាពលរដ្ឋ ដឹងសុខទុក្ខពលរដ្ឋ ជាពិសេស ធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងរីកចម្រើនគ្រប់វិស័យ ពោលគឺបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។ លោកបន្តថា នៅពេលដែលប្រទេសជាតិ មានសន្តិភាព ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏បានងើបឡើងដែរ ប្រការនេះ សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ តាមផ្លូវនានា និងពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលជិះម៉ូតូ។
ជាមួយគ្នានេះ លោក វ៉ី សំណាង បានឲ្យដឹងដែរថា ខេត្តកំពង់ស្ពឺ នៅអតីតកាលត្រូវបានគេចាត់ទុកជាតំបន់ចុងកាត់មាត់ញក ជាតំបន់អសន្តិសុខ តែបច្ចុប្បន្នខេត្តនេះ ជាទីប្រជុំជន ជាតំបន់ដ៏មានសក្តានុពលផ្នែកវិស័យកាត់ដេរ ជាខេត្តដែលមានតំបន់ទេសចរណ៍ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរ មកកំសាន្តសប្បាយរាប់សែននាក់ក្នុងមួយខែៗ ដែលបានធ្វើឲ្យពលរដ្ឋ មានប្រាក់ចំណូលខ្ពស់ និងរីកចម្រើនគ្រប់ៗក្រុមគ្រួសារ។
លោកអភិបាលខេត្ត បន្តថា ផ្លូវថ្នល់ សាលា មន្ទីរពេទ្យ ត្រូវបានកសាង និងអភិវឌ្ឍន៍ ក្រោមបន្ទាត់នយោបាយដឹកនាំដោយគណបក្សប្រជាជន ជាក់ស្តែងផ្លូវកសាងនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងរកទទួលទានផងដែរ៕