(កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំរអាង និងនៅទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា នាពេលខាងមុខ ដែលមានលេខរៀងទី២០។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន១,០០០នាក់ នៅក្នុង បរិវេណវត្តបល័ង្គពេជ្រ ក្នុងភូមិបល័ង្គ ឃុំរអាង ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ។ ពិធីនេះ ក៏មានការចូលរួមពី លោកប្រធានក្រុមការងារចុះជួយឃុំ, លោកអភិបាលរងខេត្ត សមាជិកក្រុមការងារថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានយ៉ាងច្រើនកុះករ ញាំងឲ្យពិធីនេះមានភាពអធិកអធម។
បន្ទាប់ពីលោក អ៊ិន គឹមហួន មេឃុំរអាង បានអានរបាយការណ៍ស្វាគមន៍ ជូនអង្គពិធីជ្រាបដោយសង្ខេបរួចមក លោក វេង សាខុន បានធ្វើការសំណេះសំណាលសាកសួរសុខទុក្ខ ប្រជា ពលរដ្ឋ និងបានពាំនាំមកជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានវត្តមាននៅទីនេះ និងនៅទូទាំងស្រុកកំពុងសៀម របស់សម្តេចតេជោសែន ប្រធានគណបក្សប្រជាជន កម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូ យកចិត្តទុកដាក់ ពីបញ្ហាជីវភាព និងសេចក្តីសុខរបស់បងប្អូនគ្រប់ពេលវេលា និងបានជូនពរសុំឲ្យប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ពិសេសឃុំរអាងទទួលបាន នូវពុទ្ធិពរទាំង៤ប្រការកុំបីឃ្លាងឃ្លាត ឡើយ។
លោកប្រធានក្រុមការងារ បានជម្រាបជូនអង្គពិធី ដោយសង្ខេបពីខ្លឹមសារយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ១៩៩៨ រហូត មកទល់បច្ចុប្បន្នមានរយៈពេល២០ឆ្នាំហើយ។ លទ្ធផលដែលមិនអាចកាត់ថ្លៃបាន នៃយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ នេះហើយធ្វើឲ្យប្រទេសជាតិ ដែលបែកបាក់ និងត្រូវបានបំផ្លិចបំផ្លាញ ដោយសារសង្រ្គាមស៊ីវិលរាំរ៉ៃទទួល បានមកវិញនូវការបង្រួបបង្រួមជាតិ សាមគ្គីភាព ឯករាជ្យជាតិ និងប្រជាធិបតេយ្យសេរីពហុបក្ស។
លោកថា ជាជំហានៗ២០ឆ្នាំ កន្លងមក រាជរដ្ឋាភិបាល បានដឹកនាំប្រទេសចេញពីភាពក្រីក្រ អសន្តិសុខ និងវិនាសកម្ម មកជាប្រទេសមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើ គ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ចដែលទទួលបានកំណើនថេរ ៧% និងមានឈ្មោះបោះសំឡេង ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិគួរជាទីមោទនៈ។ ដោយសារកំណើនទាំង សេដ្ឋកិច្ច និងប្រជាជន និងនិន្នាការវិវឌ្ឍន៍រីកចម្រើន នៃសេដ្ឋកិច្ចពិភពលោក ធ្វើឲ្យសេចក្តីត្រូវការនៃការអភិវឌ្ឍចាំ បាច់ត្រូវតែបន្តបង្កើន និងពង្រឹងថែមទៀត ដូចជាការកសាងហេដ្ឋ រចនាសម្ព័ន្ធសំខាន់ៗ ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ជាចលករជំរុញកំណើនទេសចរណ៍ កំណើនលំហូរវិនិយោគទុន និងការនាំចេញកសិផល ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ទ្រទ្រង់ ខឿនសេដ្ឋកិច្ចជាតិ។
ហេតុផលនេះហើយ បានជារាជរដ្ឋាភិបាល ខិតខំយកចិត្តទុកដាក់រិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈម និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជាជំហានៗ ធ្វើយ៉ាងណា ពង្រឹងនិងពង្រីកកម្រិតជីវភាព បង្កើនប្រាក់ចំណូលឲ្យបានកាន់តែល្អប្រសើរ ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលចង់ឲ្យប្រទេសយើងក្លាយ ទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
យោងលើទស្សនវិស័យនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តទាក់ទាញ ការវិនិយោគលើការ សាងសង់ហេដ្ឋរចនាសម្ព័ន្ធរូបវន្ត សាងសង់រោងចក្រគ្រប់ប្រភេទ ក្នុងនោះ ក៏មាន រោងចក្រកែច្នៃផលិតផលកសិកម្មផងដែរ ក្នុងបំណងបង្កើតការងារ ជូនពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ស្រូបយកកម្លាំងពលកម្មក្នុងស្រុក និងបង្កើនការនាំចេញកសិផលកែច្នៃ ដែលមានគុណភាព សុវត្ថិភាពឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារនាំចូល ប្រមូលយកមកវិញនូវរូបីយប័ណ្ណអន្តរជាតិ ដើម្បីកសាងនិងអភិវឌ្ឍជាតិ។
លោក វេង សាខុន បានបញ្ជាក់ថា ពិតណាស់ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យដ៏ត្រឹមត្រូវ និងច្បាស់លាស់នេះ លោកសូមឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ រូបត្រូវខិតខំយកចិត្ត ទុកដាក់ថែរក្សា ឲ្យបានគង់វង្សនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដែលយើងមានសព្វថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំរអាង និងនៅទូទាំងស្រុកកំពង់សៀម អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា នាពេលខាងមុខ ដែលមានលេខរៀងទី២០ ដើម្បីជូនគណបក្សប្រជាជនកម្ពុជា ដែលផ្តល់ជូនសម្តេចតេជោសែន ធ្វើជានាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសកម្ពុជា នៅ អាណត្តិក្រោយៗទៀត។
ដើម្បីដោះស្រាយតាមការចាំបាច់ នាពេលនោះ លោកបានឧបត្ថម្ភ ព្រះចៅអធិការវត្ត បល្ល័ង្គពេជ្រ ចំនួនបួនលានរៀល ដើម្បីបន្តការកសាងទីសេនាសេណាក់ក្នុងវត្ត និងបានជួយឧបត្ថម្ភ ថវិកា ៦០ម៉ឺនរៀល សម្រាប់បើកវគ្គបំប៉នជូននាយកសាលាមត្តេយ្យ ហើយនិងនិងកុំព្យូទ័រ១គ្រឿង ជូនប៉ុស្តិ៍នគបាលឃុំអំពិល។ ចំពោះប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមម្នាក់ៗ ទទួលបាន១ម៉ឺនរៀលផងដែរ៕