(កំពង់ឆ្នាំង)៖ បន្ទាប់ពីអង្គភាព Fresh News កាលពីថ្ងៃទី២ ខែមិថុនា មិ្សលមិញ បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា «សាច់ញាតិជនរងគ្រោះ ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទទូចនាយឧត្តមសេនីយ៍ នេត សាវឿន ជួយអន្តរាគមន៍ ខណៈនគរបាលខេត្តចេះតែគេចវេសដោះស្រាយបញ្ចប់» នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ទោ ឈឹម សារុន នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញមុខបំភ្លឺជុំវិញករណី គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់លែង។
ក្នុងការបំភ្លឺ លោកវរសេនីយ៍ទោ ឈឹម សារុន បានបកស្រាយថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២១៖០៧នាទី នៅចំណុចមុខផ្ទះ ភី ថៃ (ប្ដី ប្រពន្ធ) ក្នុងភូមិសាស្រ្ដភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានកើតករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូម៉ាក ហុងដាក្លិច ពណ៌ក្រហមពាក់ផ្លាកលេខ ក.ឆ 1H.7894 បើកបរដោយឈ្មោះ ខាត់ សុគា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទំនប់ ឃុំ ត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បើកបរក្នុងទិសដៅពីលិច ទៅកើត។
ពេលបើកបរដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក ស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1C.8033 បើកបរដោយឈ្មោះ ស៊ឹម ប៊ុនស៊ីម ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បើកបរក្នុងទិសដៅច្រាសទិសគ្នាពីកើតទៅលិច បុកនៅខាងស្តាំដៃនៃម៉ូតូម៉ាកវីវ៉ា បណ្តាលឲ្យដួលរងរបួសធ្ងន់ និងបានសន្លប់បាត់ស្មារតីរៀងៗខ្លួន។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកំពង់លែង បានទៅដល់កន្លែងកើតហេតុ ជួយសង្គ្រោះ អ្នករងគ្រោះទាំងពីរបញ្ជូនមក មន្ទីរពេទ្យខេត្ត។ លុះព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ទើបដឹងព័ត៌មានថា ជនរងគ្រោះ បានស្លាប់នៅមន្ទីរពេទ្យខេត្ត កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ឯជនបង្ករ រងរបួសធ្ងន់ កំពុងសំរាកនៅមន្ទីរពេទ្យខេត្ត និងបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកវត្ថុតាងម៉ូតូទាំងពីរគ្រឿង ត្រូវបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់លែង។
លោកប្រធានការិយាល័យបានបញ្ជាក់ទៀតថា ក្រោយមកនគរបាលចរាចរណ៍ស្រុក បានជំរាបជូន ភាគីរងគ្រោះថាសំណុំរឿងបានកសាងចប់សព្វគ្រប់ហើយ ត្រូវបញ្ជូនទៅការិយាល័យជំនាញខេត្ត និងបញ្ជូនបន្តទៅលោកព្រះរាជអាជ្ញា ព្រោះករណីគ្រោះថ្នាក់បណ្តាលឲ្យស្លាប់បែបនេះ នគរបាលចរាចរណ៍ គ្មានសិទ្ធិសម្រេចឲ្យចប់បានទេ។ ប៉ុន្តែភាគីទាំងសងខាងចេះតែទទូចសុំអង្វរករ ទុកសម្រុះសម្រួលគ្នាសិន។
ជាក់ស្តែងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០៖៥១នាទី ភាគីទាំងសងខាងបាននាំគ្នាចូលមកសុំធ្វើការសម្របសម្រួល នៅអធិការដ្ឋាននគរបាលស្រុកកំពង់លែង។ ភាគីសងខាង បានព្រមព្រៀងឯកភាពគ្នាដោយភាគីខាងជនបង្កជួយចេញថវិកាចំនួន ៦លានរៀលគត់ សម្រាប់ចាត់ចែងធ្វើបុណ្យ។
ការព្រមព្រៀងគ្នានេះភាគីទាំងសងខាងបានកំណត់ប្រគល់-ទទួល ប្រាក់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។ សមត្ថកិច្ចចរាចរណ៍ស្រុក ក៏បានធ្វើកិច្ចព្រមព្រៀងជូនដល់ពួកគាត់ទាំង២ លុះដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ជាថ្ងៃកំណត់សងប្រាក់ ភាគីជនបង្កមិនមានប្រាក់មកប្រគល់ជូនខាងជនរងគ្រោះទេ ហើយភាគីទាំងសងខាងបានព្រមព្រៀងគ្នាសុំពន្យារពេល តែលោកវរសេនីយ៍ត្រី បូ ថេង ឋានៈអធិការរងផែនសណ្តាប់ធ្នាប់ បានបញ្ជាក់ថា ករណីនេះលោកមិនអាចពន្យាពេលបានទេ ព្រោះថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨ លោកនឹងបញ្ជូនសំណុំរឿងទៅការិយាល័យចរាចរណ៍ផ្លូវគោកហើយ។
ទើបនៅថ្ងៃ២ ខែឧសភា ឆ្នាំ២០១៨ ក៏ឃើញអង្គភាពព័ត៌មាន Fresh News ចុះផ្សាយពីរឿងនេះតែម្តង។ ហើយតាមការសាកសួរព័ត៌មាន លោក វរសេនីយ៍ត្រី ប៊ូ ថេង ពីរឿងថាបានឆ្លើយទៅប្រាប់អ្នករងគ្រោះ រវល់ និងជិតបោះឆ្នោតមិនហ៊ានហៅភាគីម្ខាងទៀតមក ហើយជិតបោះឆ្នោតកំពុងយកចិត្ត និងថ្នមចិត្តប្រជាជននោះ លោកសូមធ្វើការបដិសេធថា លោកមិនបាននិយាយសម្តីនេះទេ។ ដោយសារតែមនោសញ្ចេតនាសុំអង្វរករ គិតយល់ពីអ្នកស្រុកភូមិនេះហើយ ដែលធ្វើឲ្យគាត់ឃ្លាតពីច្បាប់ មានការយឺតយ៉ាវ មិនបានបញ្ជូនមកជំនាញខេត្ត ទើបមានរឿងបែបនេះកើតទើ្បង។
ទោះបីជាមានការបំភ្លឺយ៉ាងនេះក្តី សាច់ញាតិជនរងគ្រោះនៅតែអះអាងថា ខ្លួនបានលឺផ្ទាល់ត្រចៀកថា លោកវរសេនីយ៍ត្រី បូ ថេង ពិតជាបាននិយាយថា ដោយសារតែរដូវកាលបោះឆ្នោតមកដល់ ត្រូវតែយកចិត្តទុកដាក់ចំពោះប្រជាជន។ មិនតែប៉ុណ្ណោះ លោកបូ ថេង ថែមទាំងនិយាយថា ថ្នាក់លើចុះមកឲ្យធ្វើការងារបក្សនៅភូមិចំបក់ខ្ពស់ ទៀតផង៕