(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានគណៈពង្រឹងការងារស្រុកព្រៃឈរនៃគណបក្សប្រជាជនកម្ពុជា បានអំពាវនាវសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសមិទ្ធផល និងសន្តិភាពក្នុងពេលបច្ចុប្បន្ន ជាពិសេសធានាបានការអភិវឌ្ឍប្រទេស និងលទ្ធិប្រជាធិបតេយ្យប្រកបដោយនិរន្តរភាព។
សំណើរបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា មកពីឃុំបារាយណ៍ និងឃុំក្រូចចំនួន ៥៣០នាក់ នាព្រឹកអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅក្នុងឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករពីគណៈកម្មាធិការ និងសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ ដែលមានតួនាទីជារដ្ឋមន្ត្រីពាណិជ្ជកម្មក្នុងរាជរដ្ឋាភិបាលកម្ពុជា បានលើកយកស្នាដៃ និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល និងបានរំលឹកពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលផ្តោតសំខាន់ប្រមូលផ្តុំកម្លាំងប្រជាជនគ្រប់មជ្ឈដ្ឋាន ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព មិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមគ្នាការពារសមិទ្ធិផល សង្គមជាតិ និងកសាងប្រទេសប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ជាមួយគ្នានេះលោកប្រធានពង្រឹងការងារ ក៏បានផ្តែផ្តាំដល់សមាជិក-សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជា ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិឲ្យបានត្រឹមត្រូវទៅតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ហើយត្រូវធ្វើជាប្រជាជនល្អ និងជាសមាជិក-សមាជិកាគំរូរបស់គណបក្ស ដើម្បីទាក់ទាញការគាំទ្រពីសាធារណជនទូទៅ។
«ខ្ញុំសូមបញ្ជាក់ថា យើងទាំងអស់គ្នា ជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា យើងមានកាតព្វកិច្ចសំខាន់មួយ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានន័យថា «សមាជិកម្នាក់ គឺសំឡេងឆ្នោតមួយសន្លឹក» «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
នៅចុងបញ្ចប់នៃអង្គពិធីលោក ប៉ាន សូរស័ក្តិ បានប្រគល់ថវិកាកំដរដៃមួយចំនួន ជូនដល់សមាជិក-សមាជិកាទាំង ៥៣០នាក់ និងបានជម្រាបជូនអំពីលេខរៀងថ្មីរបស់គណបក្សប្រជាជនកម្ពុជា គឺលេខ២០ តំណាងឲ្យសមិទ្ធផលរយៈពេល ២០ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមគ្គទេសក៍ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពសង្គម ការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងវឌ្ឍនភាពគ្រប់វិស័យ៕