(បាត់ដំបង)៖ អតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចំនួន៣៤២នាក់ នៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សចាស់ទុំខាងផ្នែកនយោបាយ និងការដឹកនាំប្រកបដោយភាពត្រឹមត្រូវ។
ក្នុងពិធីប្រកាសទទួលស្គាល់ ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ សមាជិកថ្មីទាំងអស់នោះបានប្រកាសថា «ការសម្រេចចិត្តចូលរួមជីវភាព ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា នាឱកាសនេះ បន្ទាប់ពីយើងខ្ញុំបានសង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះគោលនយោបាយ និងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា។ យើងខ្ញុំបានមើលឃើញថា គណបក្សប្រជាជនកម្ពុជា មានឧត្តមគតិស្នេហាជាតិ មានគុណបំណាច់ធំធេងក្នុងការកសាងប្រទេសជាតិ»។
ពិធីប្រកាសទទួលស្គាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ងិន ឃន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង និងលោក ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក ងិន ឃន បានស្វាគមន៍ចំពោះសមាជិកថ្មី និងបាននាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្ដិយសគណបក្ស, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ដែលសម្តេចទាំងអស់តែងតែខ្វល់ខ្វាយ និងយកចិត្តទុកដាក់ជានិច្ចពីជីវភាពពលរដ្ឋនិងការអភិវឌ្ឍប្រទេសជាតិ។
លោក ឡេង ប៉េងឡុង បានចាត់ទុកឱកាសនេះថា ជាពេលវេលាដ៏នក្ខតឬក្ស ជាពេលវេលា ដែលពលរដ្ឋបានសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលបានជ្រើសរើសគណបក្សដែលត្រឹម ដែលបានបម្រើការពារពលរដ្ឋរហូតមក។ ការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍបន្តទៀត។
ក្នុងឱកាសទទួលស្វាគមន៍សមាជិកមហាគ្រួសារថ្មីនេះ លោកប្រធានក្រុមការងារ ក៏បានរំលឹកពីស្ថានការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជា ពិសេសការធ្លាក់ក្នុងភ្លើងសង្រ្គាមរបស់កម្ពុជា នៅក្នុងឆ្នាំ១៩៧០ ដែលកាលនោះលោកសេនាប្រមុខ លន់ នល់ បានក្លាយជាកូនឡុករបស់បរទេស ហើយធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ ចេញពីអំណាចបង្កឲ្យប្រទេសធ្លាក់ក្នុងភ្លើងសង្រ្គាម ដែលបណ្តាលឲ្យពលរដ្ឋរស់នៅយ៉ាងលំបាក ហេដ្ឋារចនាសម្ព័ន្ធសង្គមបានបំផ្លាញស្ទើរគ្មានសល់ នៅក្នុងរបបប៉ុលពត។
លោក បានលើកឡើងបន្តថា គណបក្សសង្រ្គោះជាតិដែលបានស្លាប់ ដោយសារតុលាការ រកឃើញថា មេដឹកនាំគណបក្សនេះក្បត់ជាតិ ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះ គឺជាគណបក្សដែលបានឃុតឃិតជាមួយបរទេស ឬអនុវត្តគោលនយោបាយបម្រើបរទេស ដែលនាំឲ្យមហន្តរាយដល់ប្រទេសជាតិ ដូច្នេះហើយបានជាគណបក្សនេះត្រូវបានតុលាការរំលាយចោល។
លោក ឡេង ប៉េងឡុង បានគូសបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដែលធ្វើឲ្យការរស់នៅរបស់យើង និងកូនចៅជំនាន់ក្រោយបានសេចក្តីសុខ ក្សេមក្សាន្តតទៅ។ គណបក្សប្រជាជនកម្ពុជា ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិឲ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស, អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យសម្រេចបានក្នុងរង្វង់៧% ក្នុងមួយឆ្នាំ, មិនយកពន្ធលើដីកសិកម្ម និងដំឡើងប្រាក់ខែ ប្រាក់ឈ្នួល ដល់មន្រ្តីរាជការ កម្មករនិយោជិតជាដើម។
លោក ប្រធានក្រុមការងារ បានលើកឡើងថា ទំរាំមានការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានលះបង់ច្រើនណាស់ ក្នុងការការពារ បម្រើប្រទេសជាតិ និងពលរដ្ឋ ដូច្នេះមានគណបក្សប្រជាជនកម្ពុជាតែមួយគត់ បានរួមរស់ រួមសុខទុក្ខជាមួយពលរដ្ឋជិត៤០ឆ្នាំមក និងតរៀងរហូតទៅ៕