(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ បានអំពាវនាវឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យទាំងអស់ បន្តយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឲ្យទទួលបានភាពកក់ក្តៅ។
លោក ប៉ា សុជាតិវង្ស បានបន្ថែមថា សមាជិកបក្សទាំងអស់ ក៏ត្រូវរួបរួមសាមគ្គីគ្នា រក្សាឲ្យបាននូវ សន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសគឺមិនត្រូវស្តាប់ ឬជឿពាក្យញុះញុងរបស់ ជនអគតិមួយចំនួន ដែលកំពុងឃោសនា មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ព្រោះការឃោសនាបែប នេះជាទង្វើផ្ទុយនឹងច្បាប់។
ការអំពាវនាវ របស់លោក ប៉ា សុជាតិវង្ស បានធ្វើឡើងខណៈលោក បានអញ្ជើញជួបសួរសុខទុក្ខ និងមានមតិសំណេះសំណាល ជាមួយប្រធានសាខា ប្រធាន អនុប្រធានសាខា ប្រធានក្រុមបក្ស និង សាខាបក្សចំណុះគណបក្សខណ្ឌ សរុប ចំនួន ២០០០នាក់ មកពី សង្កាត់ ស្ទឹងមានជ័យទី ១ សង្កាត់ស្ទឹងមានជ័យទី ២ សង្កាត់ស្ទឹងមានជ័យទី ៣ ដែលធ្វើឡើងក្នុងមជ្ឍ មណ្ឌល វិមានសុភមង្គល នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ ។
ជាជួយសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន២០០០នាក់ ដោយមានការចូលរួម ពីលោក ពេជ្រ កែវមុនី ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ព្រមទាំងសមាជិក សមាជិកា និង ក្រុមការងារចុះជួយក្នុងមូលដ្ឋាន ក្នុងខណ្ឌមានជ័យ របស់គណបក្សប្រជាជនកម្ពុជា ប្រមាណ៨៨៥នាក់ ដែលធ្វើឡើងនៅវិមានសុភមង្គល រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស មានមតិស្វាគមន៍សំណេះសំណាល និងបានលើកយកនូវពាក្យពេចន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួម នៅក្នុងកម្មវិធីនេះ។
ទន្ទឹមនឹងនេះ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏បានលើកយក វឌ្ឍនភាព និងសន្តិភាពរបស់កម្ពុជា កំពុងទទួលបាននាពេលបច្ចុប្បន្ន ដែលជាមិទ្ធិផលខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ។
ស្របជាមួយគ្នានេះ លោក ប៉ា សុជាតិវង្ស បានអំពាវនាវ ឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់ការចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕