(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា មានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបាន គ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីថែរក្សាសុខសន្តិភាព ឲ្យនៅគង់វង្សយូរអង្វែង ធ្វើឲ្យប្រទេសយើងកាន់តែមានការអភិវឌ្ឍន៍ ជាបន្តទៅទៀត។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធស្ថានីយ៍ប្រេងឥន្ធនៈ និងអាហារដ្ឋានអូរពោធិ របស់ក្រុមហ៊ុន RTM ស្ថិតក្នុងភូមិជីអោក ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានថ្លែងនូវការស្វាគមន៍ ចំពោះលោកនាយកក្រុមហ៊ុន RTM ដែលមានលោក ស៊ឹម ជ័យសិទ្ធ ជានាយកក្រុមហ៊ុន ដែលបានបោះទុន វិនិយោគនៅទីនេះ ធ្វើឲ្យទីនេះប្រែក្លាយពីភាពស្ងាត់ជ្រងំទៅភាពអ៊ូអរ ហើយពិសេសជាងនេះ គឺបានផ្តល់នូវការងារដល់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន។
ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានធ្វើការប្រៀបធៀបតំបន់នេះ កាលពី២០ឆ្នាំមុនថា ជាតំបន់អសន្តិសុខជាតំបន់ព្រៃ ដែលតែងតែមានការភ័យខ្លាច ដោយការលួចវាយប្រហារដោយខ្មែរក្រហម ធ្វើឲ្យថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋខេត្តព្រះវិហារ រងគ្រោះថ្នាក់ដល់អាយុជីវិត ពេលឆ្លងកាត់ទីនេះ។
លោកថា ចឹងឆ្លងកាត់រយៈពេល២០ឆ្នាំកន្លងនេះ ត្រូវទទួលការអភិវឌ្ឍន៍ ដែលមានការចូលរួមពីសំណាក់ដៃគូរវិនិយោគ ហើយមិនមែនជាអ្នកវិនិយោគបរទេសទេ គឺកូនខ្មែរយើងសុទ្ធសាធ ធ្វើឲ្យទីកន្លែងនេះ លែងទទួលការភ័យខ្លាចរឿងសន្តិសុខហើយ មន្ត្រីរាជការ ប្រជាពលរដ្ឋអាចធ្វើដំណើរ ដោយមិនមានការព្រួយបារម្ភដូចពេលមុនទៀតទេ។
លោកអភិបាលខេត្តព្រះវិហារ បានធ្វើការព្យាករថា ស្ថានីយ៍ប្រេងឥន្ធនៈ និងអាហារដ្ឋានដែលធ្វើពិធីសម្ភោធនូវពេលនេះ គឺជាការបន្ទាប់បន្សំទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺកសិដ្ឋានដែលកំពុងធ្វើការដាំដុះដំណាំផ្សេងៗ ប៉ុន្តែនៅពេលដ៏ខ្លីខាងមុខនេះ និងមានរៀបចំកន្លែងឡបកគ្រាប់ស្វាយចន្ទី និងកន្លែងសំងួតកៅស៊ូផងដែរ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា កន្លែងនេះ និងប្រែក្លាយជាកន្លែងកសិឧស្សាហកម្មកំរិតមធ្យម និងពេលអនាគត និងប្រែក្លាយជាតំបន់កសិឧស្សាហកម្មខ្នាតធំ ក៏ដូចជាឈានឆ្ពោះទៅរកការរីកចំរើនបន្ថែមទៀត ដែលបានផ្តល់នូវការងារយ៉ាងច្រើន ដល់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានធ្វើការគូសបញ្ជាក់ថា សមិទ្ធិផលដែលកើតមាននៅថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ហើយនេះក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រជាពលរដ្ឋឲ្យមានការរីកចំរើន។
លោកបន្ដថា សុខសន្តិភាពពិតជាមានសារៈសំខាន់ សំរាប់បងប្អូនប្រជាពលរដ្ឋ មានសុខសន្តិភាពទើបមានការអភិវឌ្ឍន៍ ដូច្នេះយើងត្រូវចូលរួមថែរក្សាសុខសន្តិភាពបន្តទៀត ដោយនាំគ្នាទៅចូលរួម បោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកបានលើកឡើងថា បោះឆ្នោតជូនអ្នកណា ដែលជួយបងប្អូនពិតប្រាកដ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សដឹកនាំបងប្អូន ឲ្យមានការរីកចំរើនបង្កើត ឱកាស ការងារច្រើនទៀត ជួយបងប្អូន ហើយនៅពេលដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្តេចតេជោ និងក្លាយជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំបងប្អូនឲ្យមានការរីកចំរើន តទៅទៀត ចឹងសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕