(កំពង់ចាម)៖ ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្រីសន្ធរ និងលោកឧកញ៉ា ឡូវ សុខ សាន បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត មានដូចជាថ្នាំពេទ្យ ប្រហុក និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ៣០០នាក់ នៅក្នុងបរិវេណវត្តទងត្រដែត ហៅវត្តទងត្រឡាច ស្ថិតក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍អំពីអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងកុដិមួយខ្នង ទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់២ជាន់ ប្រក់ក្បឿង ដែលត្រូវចំណាយថវិកាប្រមាណ៥ម៉ឺនដុល្លារ បានកសាងរួចរាល់ហើយ ក្លាយទៅជាសមិទ្ធិផលថ្មីមួយនៅវត្តទងត្រឡាច។
លោកឧកញ៉ា ឡូវ សុខ សាន បានថ្លែងថា រាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដីធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសកសាង ជីវភាពរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។
លោកឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងថា ប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសមិទ្ធិផលនានា របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្ស សម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត ដោយឡែកមន្រ្តីរាជការ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមគ្នា ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តឲ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពីភូមិ ឃុំមានសុវត្ថិភាព ជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើង ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវជឿតាមការញុះញ៉ងរបស់ជនអគតិមួយក្តាប់តូច ដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោក ឡូវ ហ៊ឹង ក៏បានថ្លែងផ្តាំផ្ញើដល់ប្រជាពលរដ្ឋថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ ហើយសូមជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខ និងបានរំដោះបងប្អូនប្រជាពលរដ្ឋអោយមានសិទ្ធសេរីភាពរហូតមកដល់បច្ចុប្បន្ន មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងបានធានាបាននូវសន្តិសុខ ស្ថេរភាព សន្តិភាពជូនប្រទេសជាតិ។
លោក ឡូវ ហ៊ឹង និងលោកឧកញ៉ា ឡូវ សុខ សាន នាំយកអំណោយលោក ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅភូមិទងត្រឡាច រួមមាន ថ្នាំពេទ្យ១,២០០កញ្ចប់ ប្រហុក៣០០គីឡូ ក្រាម និងថវិកា១ម៉ឺនដុល្លារ សម្រាប់សាលាបឋមសិក្សាខ្ទឹង និងឧបត្ថម្ភគ្រួសារ ដែលបានស្លាប់១លាន៥៥ម៉ឺនរៀល ៥ពាន់រៀល។
ដោយឡែកលោក ឯក ស៊ុនសុខា បានឧបត្ថម្ភថវិកា៥០០ដុល្លារ សម្រាប់កសាងកុដិក្នុងវត្ដទងត្រដែត ហៅវត្តទងត្រឡាច បន្ថែមទៀត និងលោកឧកញ៉ា ឡូវ សុខ សាន បានឧបត្ថម្ភស៊ីម៉ង់២តោន សម្រាប់ធ្វើផ្លូវបេតុងចូលអនុវិទ្យាល័យ ហ៊ុន សែន ទូរីផងដែរ៕