(បាត់ដំបង)៖ នារសៀលថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ លោក អង្គ វង្សវឌ្ឍានា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកមោងឫស្សី ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូល សមាជិកថ្មីរបស់គណបក្ស ចំនួន១២៨៤នាក់។
កម្មវិធីនេះ មានការចូលរួមពី សមាជិកក្រុមការងារចុះជួយឃុំទាំង៩ និងសមាជិក-សមាជិកាគណបក្សប្រជាជន នៅមូលដ្ឋានស្រុកមោងឬស្សី សរុបប្រមាណ១៤០០នាក់។
ក្នុងឱកាសនេះដែរ លោក អង្គ វង្សវឌ្ឍានា បានជម្រាបជូនអង្គពិធី នូវសមិទ្ធិផលស្នាដៃធំៗ ជាប្រវត្តិសាស្រ្តរបស់គណបក្ស ចំពោះប្រទេសជាតិ និងសភាពការណ៍នយោបាយ សេដ្ឋកិច្ចជាតិ ជាពិសេសព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
ជាមួយគ្នានេះ លោក អង្គ វង្សវឌ្ឍានា បានជម្រុញឱ្យសមាជិក-សមាជិកាថ្មី គណបក្សខិតខំរួបរួមសាមគ្គីគ្នា ចូលរួមថែរក្សានូវសន្តិភាព និងសន្តិសុខជាតិ ឲ្យបានឋិតថេរ គង់វង្ស។
ប្រធានក្រុមការងារចុះជួយស្រុកមោងឬស្សីរូបនេះ ក៏បានសំណូមពរឱ្យសមាជិកគណបក្ស ត្រូវបន្តខិតខំចុះជួយ និងបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ ដើម្បីទទួលបាននូវទំនុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេស ត្រូវទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ឲ្យទទួលបានជ័យជំនះ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕