(ភ្នំពេញ)៖ អ្នកឯកទេសផ្នែករោគកុមារទាំងក្នុង និងក្រៅប្រទេស នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងសន្និសីទស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៣នៅកម្ពុជា បានរួមគ្នាចែករំលែកនូវចំណេះដឹង និងបទពិសោធន៏ថ្មីៗអំពីបច្ចុប្បន្នភាពរោគកុមារនៅកម្ពុជា។
សន្និសីទលើកទី៣ ស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យានៅកម្ពុជានេះ រៀបចំឡើងដោយ សមាគមគ្រូពេទ្យកុមារកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពរបស់លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមពីបណ្តាសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ដែលជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជាចំនួនជាង៣០០នាក់។
សន្និសីទនេះ ក៏មានការចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ដែលជាអ្នកជំនាញរោគកុមារ មកពីប្រទេស ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី និងអូស្ត្រាលីផងដែរ។
គោលបំណងរបស់សន្និសីទនេះ គឺដើម្បីផ្តល់នូវវេទិកាដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងប្រទេស និងក្រៅប្រទេសបានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៏រវាងគ្នា ក៏ដូចជាជួយផ្តល់នូវចំណេះដឹងថ្មីៗទាក់ទងនឹងរោគកុមារ ដើម្បីអោយសិក្ខាកាមទាំងអស់អាចទាញយកសារសំខាន់ សម្រាប់ជាប្រយោជន៏ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា។
សន្និសីទស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៣នេះ បានផ្តោតសំខាន់លើប្រធានបទចំនួន៦ រួមមាន៖
* ការព្យាបាលជំងឺស្កន្ត (ឆ្កួតជ្រូក) ឬអេពីឡិបស៊ី (Epilespy) ដែលមានចំនួនរាប់ពាន់នាក់នៅមន្ទីពេទ្យគន្ធបុប្ផា ហើយគោលបំណងនៃការព្យាបាល គឺលុបបំបាត់ ឬបន្ថយការកន្ត្រាក់-ប្រកាច់របស់អ្នកជំងឺ ដើម្បីកុមារអាចជាសះស្បើយ ឫអាចរស់នៅរៀនសូត្រដូចកុមារធម្មតា។
* ជំងឺកាវ៉ាសាគី (Kawasaki Disease) កើតលើកុមារដែលមានសញ្ញាជាការក្តៅខ្លួន ចេញកន្ទួលក្រហមលើស្បែក និងក្នុងអណ្តាត (ដូចជាផ្លែស្ត្រ័រប៊ឺរី) ភ្នែកក្រហម។ល។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលវា អាចឲ្យកុមារដែលឈឺជាសះស្បើយ និងអាចេះជៀសវាងនូវផលវិបាកធ្ងន់ធ្ងរ ដូចជាការរលាកសរសៃឈាមចញ្ចឹមបេះដូង (coronary artery) ដែលអាចឲ្យកុមារស្លាប់បាន។
* ការសិក្សាតាមដាន និងសញ្ញាគ្លីនិក ដែលសន្និដ្ឋានពីការលូតលាស់របស់កុមារ ដែលអាចមានកម្ពស់ទាប ក្រិន។
*ការព្យាបាលនូវការឆ្លងរោគបាក់តេរី ដែលកើតលើកុមារកង្វះអាហារូបត្ថម្ភ។
* ការគ្រប់គ្រងទីលើកុមារ ដែលពិបាកញាំចំណីអាហារ និងផលវិបាកដែលប៉ះពាល់លើការលូតលាស់របស់គេ។
*មានប្រធានបទផ្សេងៗទៀត ដែលទាក់ទងនឹងការលូតលាស់មិនប្រក្រតីរបស់កុមារ។
លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា អុនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា ក៏បានផ្តាំផ្ញើរឲ្យសមាជិកសន្និសីទទាំងអស់ ដែលជាគ្រូពេទ្យកុមារមកពីមន្ទីពេទ្យនានា ពីខេត្ត និងក្រុង ឲ្យពាំនាំនូវចំណេះដឹងថ្មីៗនេះ ដើម្បីចូលរួមក្នុងការផ្តល់នូវសេវាព្យាបាលកុមារឲ្យមានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព ហើយយកចិត្តទុកដាក់ជាប់ជានិច្ច ក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៍វិជ្ជាជីវៈពេទ្យ៕