(កំពត)៖ ថ្លែងក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបរិវាស ដែលស្ថិតក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា សូមបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តការអភិវឌ្ឍប្រទេស ធានានិរន្តភាព សុខសន្តិភាព និងបន្តដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ សូមឲ្យប្រជាពលរដ្ឋសូមកុំចូលរួមសកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចបំផ្លាញសុខសន្តិភាព ស្ថេរភាពសង្គម ហើយត្រូវបន្តរួមគ្នា ថែរក្សាសុខសន្តិភាព កសាងអភិវឌ្ឍប្រទេសជាបន្តទៀត។
ជាក់ស្តែង សមិទ្ធផលដែលមានថ្ងៃនេះ គឺជាការអបអរសាទរនូវអ្វី ដែលមាននៅបច្ចុប្បន្ន ជាការអបអរសាទរនូវអ្វីដែលសង្ឃឹមទៅថ្ងៃអនាគត គឺជាការចងចាំនូវអតីកាលដ៏ជូចត់ ដែលបានបន្សល់ទុកនូវវត្តមានស្រ្តីមេម៉ាយ ជនពិការជាច្រើន មកដល់ពេលបច្ចុប្បន្ន។ ដូច្នេះត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព កុំឲ្យបាត់បង់ទៅវិញ។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «យើងសប្បាយរីករាយ ជាមួយសន្តិភាពដែលយើងមានសព្វថ្ងៃនេះទេ? យើងចង់បន្តសន្តិភាពដែលយើងមាននេះទេ? ចង់បានមន្ត្រី និងថ្នាក់ដឹកនាំដែលខិតខំកសាង និងបម្រើប្រជាជនបន្តទៅទៀតទេ»?។ ដូច្នេះសូមលោកយាយ លោកតា អុំពូមីង ប្រជាពលរដ្ឋ អញ្ជើញទៅចូលចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ ដើម្បីបំពេញកាត្វកិច្ចប្រជាពលរដ្ឋ និងដើម្បីជ្រើសរើសអ្នកដឹកនាំ ដែលនិយាយពិត ធ្វើពិតជ្រើសរើសថ្នាក់ដឹកនាំ ដែលទទួលខុសត្រូវនៅជាមួយប្រជាពលរដ្ឋ អ្នកដឹកនាំដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋសម្បូរសប្បាយ និងប្រទេសជាតិរីកចម្រើន សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
យ៉ាងណាមិញ លោក ហ៊ុន ម៉ាណែត ក៏បានអបអរសាទ និងថ្លែងអំណរគុណរចំពោះការកសាងសមិទ្ធផលទាំងអស់ នៅក្នុងទីអារាមនេះ ដែលកើតចេញពីការខិតខំ ក្នុងការដឹកនាំពីសំណាក់ព្រះចៅអធិការ គណៈកម្មាការអាចារ្យវត្ត និងការចូលរួម ការបរិច្ចាគ ចែករំលែករបស់ពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋដែលមានចិត្ត មានសទ្ធាជ្រះថ្លារួមគ្នា កសាងសមិទ្ធផលនានាក្នុងទីអារាមនេះ។
សមិទ្ធផលជាច្រើននៅទូទាំងប្រទេស ដែលបានកសាងមកដល់បច្ចុប្បន្ននេះ គឺបានមកពីសុខសន្តិភាព ពីការខិតខំរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់មន្រ្តីរាជការ អជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មាការអាចារ្យវត្ត ពុទ្ធបរិស័ទ្ធ សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស។
ចុងបញ្ចប់នៃកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមា លោក ហ៊ុន ម៉ាណែត បានប្រគល់រថយន្តដឹកទំនិញ២,៥តោន ចំនួន០១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់មជ្ឈមណ្ឌលយោធិនពិការ៣១៧គូលែន ខេត្តសៀមរៀប ដើម្បីប្រើប្រាស់ក្នុងអង្គភាព៕