(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន២៧៤នាក់ នៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ លោក យឹម លាត បេក្ខភាពតំណាងរាស្ដ្រវ័យក្មេង បានបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាពដែលយុវជនជំនាន់ក្រោយ កំពុងតែទទួលបាន គឺការអភិវឌ្ឍ។
បើតាមលោក យឹម លាត ក្នុងនាមលោកជាយុវជនជំនាន់ក្រោយ សូមគោរពដឹងគុណដល់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបងប្អូនទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រួមគ្នាជាកម្លាំងសាមគ្គឺ សង្រ្គោះកម្ពុជាពីប្រទេសលំបាក រហូតដល់កម្ពុជាជាទីស្រលាញ់ដូចសព្វថ្ងៃ។
បេក្ខភាពតំណាងរាស្ដ្ររូបនេះ បានបន្តទៀតថា សូមប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រ និងផ្តល់កម្លាំងចិត្ត ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តាមរយៈការចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់គ្រប់គ្នា៕