(សឹង្ហបូរី)៖ ឆ្លើយតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបូរី នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមតំណើរដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ, នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ព្រមទាំងនាយទាហ៊ាននៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៧ នៅដែលបានប្រារព្ធធ្វើនៅក្នុងសណ្ឋាគារ សាងគ្រីឡា ប្រទេសសឹង្ហបូរី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៧ ឬ ហៅថា កិច្ចសន្ទនា សាងគ្រីឡា (Shangri-La Dialogue) ក្នុងឆ្នាំ២០១៨នេះ មានការចូលរួម ពីបណ្តារដ្ឋមន្ត្រីការពារជាតិ មេបញ្ជាការកងទ័ព ស្ថាប័ណ្ណសង្គមស៊ីវិល មកពីបណ្តាលប្រទេសនានាលើពិភពលោកចំនួនជាង៥០ប្រទេសចូលរួម។
នៅក្នុងសម័យប្រជុំពេញអង្គទី១ ក្រោមប្រធានបទ៖ ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក និងបញ្ហាប្រឈមនៃសន្តិសុខឥណ្ឌូប៉ាស៊ីហ្វ៊ិក លោក James N.Mattis រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិក នៅតែអនុវត្តការថែរក្សាសន្តិសុខ ស្ថេរភាព និងធ្វើឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចំរើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិក ទោះបីជាតំបន់នេះ មានការប្រឈមយ៉ាងច្រើនក្នុងសត្សវត្សទី២១។
រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក ក៏បានលើកឡើងពីតួនាទីសំខាន់នៃតំបន់ ឥណ្ឌូប៉ាស៊ីហ្វ៊ិក ដែលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិកនេះ យុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក គឺធ្វើយ៉ាងណាឲ្យតំបន់តំបន់ ឥណ្ឌូ ប៉ាស៊ីហ្វ៊ិក ជាតំបន់មួយបើកទូលាយ ហើយមានសេរីភាព អ្នកណាក៏មានសិទ្ធិចេញចូល ទោះបីជាប្រទេសតូច ឬប្រទេសធំ ដោយគោរព្ធនូវអធិបតេយ្យរបស់ប្រទេសទាំងអស់។
តាមរយៈកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីការពារជាតិមួយចំនួន មកពីបណ្តាប្រទេសនៅក្នុងតំបន់ និងក្រៅតំបន់ដូចជា៖ ជប៉ុន សាធារណរដ្ឋកូរ៉េ វៀតណាម ឥណ្ឌូណេស៊ី អូស្រ្តាលី កាណាដា បានឡើងថ្លែងសន្ទរកថាគន្លឹះ ព្រមទាំងចែករំលែកនូវទស្សនៈ សភាពការណ៍ថ្មីៗ ចំណេះដឹង និងបទពិសោធន៍ ដោយបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សហគមន៍សន្តិសុខ ឲ្យកាន់តែឈានទៅរកភាពល្អប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មក កិច្ចសន្ទនាសាង គ្រីឡា បានក្លាយជាផ្នែកគន្លឹះមួយ នៃនិម្មាបនកម្ម សន្តិសុខនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជារៀងរាល់ឆ្នាំកិច្ចប្រជុំ បានផ្តល់នូវទីកន្លែងសម្រាប់ស្ថាប័នការពារជាតិ នៃបណ្តាប្រទេសនានាដែលជាប់ពាក់ព័ន្ធ នឹងសន្តិសុខក្នុងតំបន់ ដើម្បីជួបប្រជុំគ្នា និងផ្លាស់ប្តូរទស្សនៈស្តីពីភាពប្រឈមសន្តិសុខអាស៊ី ប៉ាស៊ីហ្វីក។
ដោយឡែក សម្រាប់កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៧ ក្នុងឆ្នាំ២០១៨ កិច្ចប្រជុំក៏បានលើកយកនូវប្រធានបទជាច្រើនមកធ្វើការពិភាក្សាក្នុងនោះរួមមាន៖ ការទប់ស្កាត់ នៃវិបត្តិកុរ៉េខាងជើង ការរៀបចំ សណ្តាប់ធ្នាប់សន្តិសុខអាស៊ីដែលកំពង់វិវត្តន៍ ប្រធានបទស្តីអំពី វិសាលភាពថ្មីនៃភេរវកម្ម និងការប្រឆាំងភេរវកម្ម និងការលេចឡើងនូវរបាំងសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខតំបន់៕