(ភ្នំពេញ)៖ លោកស្រី ចន គន្ធា ភរិយា លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ បានផ្តល់អំណោយសប្បុរសធម៌ដល់ជនចាស់ជរា និងស្ត្រីមានជំងឺប្រចាំកាយចំនួន០៤នាក់ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ លោកស្រី ទាវ ធីតា និងលោកស្រី ចន គន្ធា បានអញ្ជើញចុះទៅដល់ផ្ទះស្រ្តីចាស់ជរា និងអ្នកមានជំងឺប្រចាំកាយផ្ទាល់តែម្តង ក្នុងនោះលោកស្រី បានផ្តល់ជូនថវិកាចំនួន១លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដល់អ្នកមានជំងឺប្រចាំកាយឈ្មោះ គង់ ទូច ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកស្រីទាំង២រូប ក៏បានផ្តល់អំណោយជាថវិកាចំនួន៤០ម៉ឺនរៀលទៀត ដល់លោកយាយ សុខ លី អាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ជាមួយគ្នា។
ទន្ទឹមនឹងនេះ លោកស្រីទាំង២រូប ក៏បានអញ្ជើញ ទៅផ្តល់អំណោយដល់លោកយាយ គង់ នៃ អាយុ៨០ឆ្នាំ និងលោកយាយ គង់ អ៊ុ អាយុ៨៤ឆ្នាំ រស់នៅក្នុងភូមដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល។
សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញផ្តល់អំណោយសប្បុរសធម៌នេះផងដែរ លោកស្រីទាំងពីររូប ក៏បានលើកទឹកចិត្តដល់ លោកយាយចាស់ជរា និងអ្នកមានជំងឺប្រចាំកាយ ឲ្យខំតស៊ូក្នុងជីវិត និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា៕