(ភ្នំពេញ)៖ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបតិ្តការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បណ្តឹងរដ្ឋប្បវេណី» មកធ្វើការបកស្រាយដូចតទៅ៖
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តែងតែមាននូវទំនាក់ទំនង ឬការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាប្រចាំដូចជា ទំនាក់ទំនងញាតិ ការពឹងអាស្រ័យគ្នា ឬ តាមរយៈការ ប្រកបអាជីវកម្មផ្សេងៗជាអាទិ៍។ ទន្ទឹមនឹងនេះ ទំនាក់ទំនងមួយចំនួនបានបង្កើតឲ្យមានជាវិវាទ តាមរយៈភាពមិនចុះសម្រុងគ្នា បញ្ហាទំនាស់ផលប្រយោជន៍ ភាពមិនស្មោះត្រង់ ការបំពានសិទ្ធិ និងកាតព្វកិច្ចជាដើម។
នៅពេលវិវាទកើតឡើង គូវិវាទ នឹងព្យាយាមស្វែងរកដំណោះស្រាយ តាមរយៈវិធានដូចជាការចរចា ឬ ការសម្រុះសម្រួល ហើយក្នុងករណីដែល វិធានខាងលើនេះ មិនអាចសម្រេច ទៅបាន នោះនីតិវិធីបណ្តឹងតាមផ្លូវតុលាការ គឺជាយន្តការមួយយ៉ាងសំខាន់ និងមានប្រសិទ្ធិភាព ដែលអាចរកដំណោះស្រាយ និងផ្តល់យុត្តិធម៌តាមគោលការណ៍ច្បាប់ជូនគូវិវាទបាន។
ករណីវិវាទ ដែលកើតចេញពីទំនាក់ទំនងដូចរៀបរាប់ខាងលើ ហើយប្រសិនជាត្រូវបានភាគីវិវាទ លើកបណ្តឹងឡើងតាមផ្លូវតុលាការ ដើម្បីរកដោះស្រាយនោះបណ្តឹងនេះ ត្រូវបានហៅថា «បណ្តឹងរដ្ឋប្បវេណី»។
អ្វីទៅជាបណ្ដឹងរដ្ឋប្បវេណី? បណ្តឹងរដ្ឋប្បវេណី គឺជាសិទ្ធិមួយដែលច្បាប់ទទួលស្គាល់ សម្រាប់បុគ្គលឯកជន អាចជារូបវន្តបុគ្គល ឬ ជានីតិបុគ្គល ក្នុងការធ្វើបណ្តឹងទៅស្ថាប័នតុលាការ ឲ្យជួយដោះស្រាយនូវបញ្ហាដែលកើតមានឡើង ក្នុងគោលបំណងទាមទារឲ្យតុលាការចេញសាលក្រមតាមការទាមទារ ដោយផ្អែកតាម ភស្តុតាង និងគតិច្បាប់។
ម្យ៉ាងទៀតបណ្ដឹងរដ្ឋប្បវេណី គឺជាលិខិតលាយល័ក្ខណ៍ អក្សរដែលរៀបចំឡើងដោយដើមចោទ (ម្ចាស់បណ្ដឹង) ធ្វើការអះអាងអំពីអត្ថិភាព ឬនិត្ថិភាពនៃសិទ្ធិទាមទារ តាមច្បាប់សារធាតុ (ច្បាប់នីតិវិធី) ចំពោះឲ្យភាគីម្ខាងទៀត ហៅថាចុងចម្លើយ (អ្នកដែលត្រូវគេប្ដឹង)។ បណ្ដឹងរដ្ឋប្បវេណីមានកម្មវត្ថុ ដើម្បីទាមទារឲ្យតុលាការទទួលស្គាល់អត្ថិភាព ឬនត្ថិភាព នៃសិទ្ធិទាមទារ តាមច្បាប់សារធាតុ។
តើបណ្តឹងរដ្ឋប្បវេណីមានប៉ុន្មានប្រភេទ? បណ្តឹងរដ្ឋប្បវេណីមានបីប្រភេទ រួមមាន ១៖ បណ្តឹងទាមទារឲ្យផ្តល់តាវកាលិក, ២៖ បណ្តឹងទាមទារឲ្យបញ្ជាក់ និង៣៖ បណ្តឹងទាមទារឲ្យបង្កើត កែប្រែ ឬ រំលត់ទំនាក់ទំនងគតិយុត្ត។
១៖ បណ្តឹងទាមទារឲ្យផ្តល់តាវកាលិក គឺជាបណ្តឹងទាមទារ ឲ្យតុលាការចេញសាលក្រម ដោយបង្គាប់ឲ្យចុងចម្លើយផ្តល់តាវកាលិក (វត្ថុ សកម្មភាព ឬ ជាកម្មវត្ថុនៃកាតព្វកិច្ច) ជាកំណត់មួយ ដោយផ្អែកលើការអះអាងអំពីអត្ថិភាពនៃសិទ្ធិទាមទារតាមផ្លូវច្បាប់។
ការទាមទារក្នុងបណ្តឹងនេះ អាចជាការទាមទារឲ្យប្រគល់ (ប្រាក់ ឬ វត្ថុ) ទាមទារឲ្យធ្វើសកម្មភាពជាកំណត់មួយ (ឧៈ តុលាការបង្គាប់ឲ្យចុងចម្លើយ រុះរើសម្ភារៈចេញពីផ្ទះជួល) ឬ ទាមទារមិនឲ្យធ្វើសកម្មភាពជាកំណត់មួយ (ឧៈ តុលាការបង្គាប់ឲ្យចុងចម្លើយផ្អាកការសាងសង់ផ្ទះ)។
២៖ បណ្តឹងទាមទារឲ្យបញ្ជាក់ គឺជាបណ្តឹងទាមទារឲ្យតុលាការចេញសាលក្រមបញ្ជាក់នូវអត្ថិភាព ឬនត្ថិភាពនៃសិទ្ធិ ឬទំនាក់ទំនងគតិយុត្ត ដោយផ្អែកលើការអះអាងរបស់ដើមចោទ នូវសិទ្ធិ ឬទំនាក់ទំនងគតិយុត្តណាមួយ ដែលជាការទាមទារតាមផ្លូវបណ្តឹង។
ឧទាហរណ៍៖ ដើមចោទទាមទារ ឲ្យតុលាការចេញសាលក្រម ដែលមានខ្លឹមសារបញ្ជាក់អំពីអត្ថិភាព នៃសិទ្ធិលុបចោលរបស់ដើមចោទ ចំពោះកិច្ចសន្យាលក់ទិញដីរវាងដើមចោទ ជាមួយចុងចម្លើយ។
៣៖ បណ្តឹងទាមទារឲ្យបង្កើត កែប្រែ ឬ រំលត់ទំនាក់ទំនងគតិយុត្ត គឺជាបណ្តឹងទាមទារ ឲ្យតុលាការចេញសាលក្រមប្រកាសបង្កើតជាថ្មី នូវទំនាក់ទំនងគតិយុត្ត ដោយផ្អែកលើការអះអាង អំពីអត្ថិភាពនៃសិទ្ធិ ឬ អំពីមូលហេតុនៃការបង្កើតទំនាក់ទំនងគតិយុត្តកំណត់មួយ ដែលជាការទាមទារតាមផ្លូវបណ្តឹង។
ឧទាហរណ៍៖ ដើមចោទទាមទារឲ្យតុលាការចេញសាលក្រម ដោយបង្គាប់ឲ្យដើមចោទលែងលះជាមួយចុងចម្លើយ។
តើបណ្តឹងរដ្ឋប្បវេណី ត្រូវធ្វើឡើងក្នុងទម្រង់បែបណា? បណ្តឹងរដ្ឋប្បវេណី ខុសពីបណ្តឹងព្រហ្មទណ្ឌ ដែលជាទូទៅអាចធ្វើឡើងតាមរយៈការរាយការណ៍ អំពីអង្គហេតុដោយផ្ទាល់មាត់ ឬ ការប្តឹងបរិហារទៅសមត្ថកិច្ចដោយផ្ទាល់មាត់។ បណ្តឹងរដ្ឋប្បវេណី ត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ដែលមានកំណត់យ៉ាងច្បាស់លាស់ក្នុងមាត្រា ៧៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
ក្រៅពីកំណត់អំពីទម្រង់ជាលិខិតលាយល័ក្ខណ៍អក្សរ មាត្រាខាងលើដដែល ក៏បានកំណត់នូវចំណុចចាំបាច់មួយចំនួន ដែលត្រូវសរសេរក្នុងពាក្យបណ្តឹងរដ្ឋប្បវេណីរួមមាន៖ ឈ្មោះ ឬ នាមករណ៍ និងអាសយដ្ឋានរបស់ភាគី (ដើមចោទ និងចុងចម្លើយ) និងអ្នកតំណាងដែលច្បាប់បានកំណត់ប្រសិនបើមាន ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារ ឲ្យតុលាការចេញ អង្គហេតុចាំបាច់ ដើម្បីបញ្ជាក់នូវការទាមទារ និងអង្គហេតុដែលជាមូលហេតុនៃការទាមទារ។
ក្នុងករណីដែលពាក្យបណ្តឹង បានធ្វើឡើងខុសពីទម្រង់ ដែលជាលក្ខខណ្ឌច្បាប់តម្រូវដូចរៀបរាប់ខាងលើ តុលាការអាចនឹងចេញដីការសម្រេចឲ្យធ្វើការកែតម្រូវ ក្នុងករណីដែលមិនបាន ធ្វើការកែតម្រូវលើចំណុចខ្វះខាតលើពាក្យបណ្តឹងទេ នោះតុលាការនឹងសម្រេចលើកពាក្យបណ្តឹងចោលនោះ ចោលដោយដីការសម្រេច។
បន្ថែមពីនេះ ទោះបីជាពាក្យបណ្តឹងនោះ ស្របតាមទម្រង់ដែលកំណត់ដោយច្បាប់ខាងលើក៏ដោយ ក៏តុលាការអាចសម្រេចលើកចោលពាក្យបណ្តឹងនោះផងដែរ បើសិនជាពាក្យបណ្តឹង របស់ដើមចោទធ្វើឡើងដោយផ្ទុយច្បាប់ ឬ ករណីបណ្តឹងជាន់គ្នាជាអាទិ៍ពោល គឺដើមចោទមិនមានផលប្រយោជន៍ស្របច្បាប់ណាមួយទាក់ទងនឹងពាក្យបណ្តឹងនោះ៕
រៀបចំដោយលោកមេធាវី ឡាន ស៊ីនីត សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ!