សមាគមអតីតយុទ្ធជនខេត្តក្រចេះ, កំពង់ចាម និងត្បូងឃ្មុំ បែងចែកដីសម្បទានសង្គមកិច្ច មួយខេត្ត៨០ហិកតា នៅស្រុកស្នួល សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន
02-06-2018 17:44
(ក្រចេះ)៖ សមាគមអតីតយុទ្ធជនខេត្តក្រចេះ, ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យ និងបែងចែកដីសម្បទានសង្គមកិច្ចជំហានដំបូង ជាបីចំណែក ដែលស្ថិតនៅចំណុចភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីសម្រាប់ផ្ដល់ជូនអតីតយុទ្ធជនកម្ពុជា។
ការចុះត្រួតពិនិត្យ និងបែងចែកដីនេះ ដឹកនាំដោយលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ដែលអមដំណើរដោយ ប្រធានសមាគមអតីតយុទ្ធជនខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត, ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល និងប្រធានសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន។
សូមជម្រាបថា ការចុះបែងចែកនេះ ត្រូវបានធ្វើឡើងតាមការណែនាំរបស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម។
ដោយឡែក សម្រាប់ផែនការជំហានទី២ នៃការបែងចែកនេះ នឹងបន្តទៅពិនិត្យនៅស្រុកសំបូរ ស្ថិតក្នុងឃុំក្បាលដំរី និងឃុំអូរគ្រៀង៕