(បាត់ដំបង)៖ ពិតណាស់គណបក្សសង្រ្គោះជាតិដែលបានស្លាប់ ដោយសារមេដឹកនាំគណបក្សនេះ ក្បត់ជាតិ ឃុបឃិតជាមួយបរទេសចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា មិនអាចចូលរួមការបោះឆ្នោតនាខែកក្កដាខាងមុខនេះបានទេ។ តែសម្រាប់លោក ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបង បានមើលឃើញថា ប្រសិនគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ប្រទេសកម្ពុជា នឹងស្ថិតនៅក្រោមការគ្រប់គ្រងបរទេសដែលនាំឲ្យកម្ពុជា នឹងធ្លាក់ក្នុងភ្លើងសង្រ្គាមម្តងទៀត។
ការលើកឡើងរបស់ លោក ឡេង ប៉េងឡុង បែបនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោកប្រធានក្រុមការងារ បានគូសបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញឯកសារវីដេអូ ដែលមេដឹកនាំគណបក្សសង្រ្គោះជាតិ បានឃុតឃិតជាមួយបរទេស ឬអនុវត្តគោលនយោបាយបម្រើបរទេស ដែលនាំឲ្យមហន្តរាយដល់ប្រទេសជាតិ ដូច្នេះហើយបានជាគណបក្សនេះ ត្រូវបានតុលាការរំលាយចោល។
ជាមួយគ្នានេះ លោក ឡេង ប៉េងឡុង បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានរំដោះប្រទេសជាតិ ចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ជិត៤០ឆ្នាំមកនេះ ដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើន និងទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស។ សម្រាប់ការបោះឆ្នោតជ្រើសតំាង តំណាងរាស្រ្ត នីតិកាលទី៦ ខាងមុខនេះ លោកប្រធានក្រុមការងារ បានជំរុញដល់សកម្មជនរបស់ខ្លួន ឲ្យផ្សព្វផ្សាយគោលនយោបាយទំាង ១១ចំនុចរបស់គណបក្សប្រជាជនកម្ពុជា ដល់ពលរដ្ឋទូទៅបានដឹង និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលេខរៀងទី២០ ក្នុងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោក បានសង្កត់ធ្ងន់ថា «បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលធ្វើឲ្យការរស់នៅរបស់យើង និងកូនជំនាន់ក្រោយបានសេចក្តីសុខ ក្សេមក្សាន្តតទៅ»។
សូមជម្រាបថា គោលនយោបាយទំាង១១ចំណុចរបស់គណបក្សប្រជាជនកម្ពុជា មានដូចជា ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិឲ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស, អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យសម្រេចបានក្នុងរង្វង់៧% ក្នុងមួយឆ្នាំ, មិនយកពន្ធលើដីកសិកម្ម, ដំឡើងប្រាក់ខែ ប្រាក់ឈ្នួល ដល់មន្រ្តីរាជការ កម្មករនិយោជិតជាដើម។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក៏បានលើកទឹកចិត្ត ដល់សកម្មជនរបស់ខ្លួន ចុះជួបពលរដ្ឋ ស្វែងយល់ពីតម្រូវការរបស់ពួកគាត់ និងរួមគ្នាដោះស្រាយជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលានូវរាល់ទុក្ខលំបាករបស់ពួកគាត់ និងបានជំរុញសកម្មជនរបស់ខ្លួន សិក្សាស្វែងយល់ពីនីតិវិធី និងប្រតិទិនការងារបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីចូលរួមការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះទំាងអស់គ្នាឲ្យស្របតាមច្បាប់ និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕