(ភ្នំពេញ)៖ បន្ទាប់ពីមានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកកន្លងមក ឃើញថា មានពលរដ្ឋប្រមាណជា៩០ភាគរយ ដែលបានចូលរួមគោរពច្បាប់ ដោយពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាព គ្រប់ពេលបើករថយន្ត និងពាក់មួកសុវត្ថិភាពគ្រប់ពេលបើកបរម៉ូតូ ប៉ុន្ដែដើម្បីការពារការប៉ះទង្គិចពេលមានគ្រោះថ្នាក់ផ្សេងៗ ជាជាយថាហេតុ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានជំរុញឲ្យពលរដ្ឋទាំងអស់ ពាក់មួកសុវត្ថិភាពដែលមានគុណភាពខ្ពស់ ធននឹងការបែកបាក់ ដើម្បីការពារក្បាលពីគ្រោះថ្នាក់ផ្សេងៗ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានលើកឡើងថា «យោងតាមច្បាប់ចរណ៍ មន្ដ្រីនគរបាលចង់ឃើញ ពលរដ្ឋទាំងអស់ទិញមួកសុវត្ថិភាពដែលមានស្ដង់ដារ និងមានការទទួលស្គាល់ ពីគុណភាពរបស់មួក ប៉ុន្ដែឃើញថា កន្លងមកនេះ មានពលរដ្ឋមួយចំនួន មិនទាន់បានទិញមួកដែលមានស្ដង់ដារនោះឡើយ។ តែយ៉ាងណាក៏ខាងយើងជំរុញឲ្យពួកគាត់បានពាក់មួកសុវត្ថិភាពជាមុនសិន ព្រោះបច្ចុប្បន្ននេះអត្រាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពមានរហូតដល់៨៥-៩០ភាគរយហើយ»។
លោកឧត្តមសេនីយ៍បានបន្ដទៀតថា នគរបាលគ្រោងរឹតបន្ដឹងបន្ថែមទៀតនូវការពាក់មួកដែលមានគុណភាពទៅតាមស្ដង់ដារ។ ការរឹតបន្ដឹងបែបនេះ គឺដើម្បីការពារសុវត្ថិភាពពលរដ្ឋ មានន័យថា នៅពេលដែលពួកគាត់ពាក់មួកសុវត្ថិភាព ដែលមានគុណភាព វានឹងជួយកាត់បន្ថយការប៉ះទង្គិច និងរងរបួសពីគ្រោះថ្នាក់។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឲ្យដឹងទៀតថា មួកដែលលក់នៅលើទីផ្សារមួយចំនួន មិនមានស្ដង់ដារច្បាស់លាស់នោះឡើយ មួកដែលមានគុណភាពជាមួក ដែលមាននៅតាមក្រុមហ៊ុន ឬរោចក្រផ្សេង។ លោកថា «ទោះបីជាមួក គ្មានស្ដង់ដារយ៉ាងណាក៏ដោយ ក៏អាចការពារបងប្អូនបានមួយកម្រិត ល្អជៀសជាងអ្នកមិនពាក់មួក ខ្ញុំគិតថា ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ ដោយពាក់មួក សុវត្ថិភាពជាមុនសិនបន្ទាប់មកពួកយើងនឹងជំរុញបន្ថែមឲ្យពួកគាត់រកមួកសុវត្ថិភាពណា ដែលមានស្ដង់ដារ ដើម្បីឲ្យបងប្អូនពលរដ្ឋ បានពាក់ទាំងអស់គ្នា»។
ពាក់ព័ន្ធនឹងទីផ្សារមួកសុវត្ថិភាពវិញ លោក សេង បូរិន សហស្ថាបនិកក្រុមហ៊ុន រិទ្ធ បូរិន រ៉ូយ៉ាល់ ខូអិលធី ឌី ឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងកម្មវិធី សម្ពោធក្រុមហ៊ុនលក់មួកការពារមានស្ដងដារ រិទ្ធ បូរិន រ៉ូយ៉ាល់ ខូអិលធី ឌី ថា «កត្តាដែលនាំឲ្យ ខ្ញុំសម្រេចចិត្តនាំចូលមួក ការពារម៉ាក Royal នេះព្រោះ ដោយសារតែពលរដ្ឋកម្ពុជា មានតម្រូវការមួកសុវត្ថិភាពច្រើន និងដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរចរណ៍ ដែលមិនបានពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវនេះ»។
លោកបន្តទៀតថា ក្រុមហ៊ុនមិននាំចូល មួកតម្លៃថោក តែគ្មានគុណភាពនោះទេ ព្រោះថា ក្រុមហ៊ុនលក់ផ្ដោត ទៅលើគុណភាព ជាងការចំណេញ ចំណែកអ្នកដំណើរក៏ដូចគ្នា ពុំគួរទិញមួកតម្លៃ១ ឬ២ម៉ឺនរៀល តែគ្មានគុណភាពឡើយ កុំទិញមួកសុវត្ថិភាពពាក់ដោយខ្លាចប៉ូលីសចាប់ តែគួរតែទិញមួកសុវត្ថិភាព ដែលមានគុណភាព ក្នុងការការពារជីវិតវិញ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាល ចរាចរណ៍ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន ៣,៥៣១ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១,៧៨០នាក់ និងរងរបួសចំនួន ៥,៥៣៩នាក់៕