(ភ្នំពេញ)៖ លោក ស៊ឹម សំណាង ត្រូវជាប្អូនប្រុសបង្កើតជនរងគ្រោះឈ្មោះ ឃុត ស៊ីម (ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ) បានទទូចសុំដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយអន្តរាគមន៍រឿងគ្រោះថ្នាក់នៅស្រុកកំពង់លែង ឲ្យបានឆាប់ចប់ផង ខណៈដែលសមត្ថកិច្ចចេះតែគេចវេស មិនហៅជនបង្កមកដោះស្រាយបញ្ចប់នោះ។
មូលហេតុដែលលោក ស៊ឹម សំណាង សុំអន្តរាគមន៍ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន យ៉ាងដូច្នេះ ព្រោះរឿងក្តីគ្រោះថ្នាក់ចរាចរនេះ ត្រូវបានបន្តអូសបន្លាយ ដោយសារតែលោកវរសេនីយ៍ត្រី បូ ថេង អធិការរង នៃអធិការដ្ឋានគរបាលស្រុកកំពង់លែង។ អធិការរងរូបនេះ ថា មិនអាចហៅជនបង្ក មកបំភ្លឺបាន ព្រោះនេះជារដូវកាលបោះឆ្នោតដែលត្រូវថ្នាក់ថ្នមប្រជាជន។
តាមរយៈបណ្តាញសារព័ត៌មាន Fresh News គ្រួសាររងគ្រោះបានឲ្យដឹងថា ពួកគាត់មិនចង់ឲ្យរឿងវែងឆ្ងាយទេ ព្រោះជនបង្កជាជនក្រីក្រ ហើយបានសុំឲ្យលោកវីរសេនីយ៍ត្រី បូ ថេង សម្របសម្រួលឲ្យបានឆាប់ចប់។ ភាគីទាំងសងខាង បានព្រមព្រៀងបញ្ចប់រឿងក្តីនេះ ដោយតម្រូវឲ្យជនបង្កសងគ្រួសាររងគ្រោះចំនួន៦លានរៀល។ ក្នុងកិច្ចសន្យាព្រមព្រៀង បានកំណត់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ជាថ្ងៃសងប្រាក់។
នៅពេលដែលថ្ងៃកំណត់សងប្រាក់មកដល់ លោកវរសេនីយ៍ត្រី បូ ថេង ថា ជនបង្កមិនមកបង្ហាញខ្លួនដើម្បីប្រគល់ប្រាក់ទេ ព្រោះគេជាប់នៅខេត្តកំពង់ឆ្នាំង។ លុះថ្ងៃទី១ ខែមិថុនា លោកវរសេនីយ៍ត្រី បូ ថេង ប្រាប់ឲ្យគ្រួសាររងគ្រោះមករកខ្លួននៅផ្ទះ វេលាម៉ោង៦៖៣០នាទីព្រឹក ជាថ្ងៃដែលគេឈប់សម្រាក។ ពេលដែលជនរងគ្រោះទៅរក លោកវរសេនីយ៍ត្រី បូ ថេង មិនបាននៅផ្ទះទេ តែបែរជាទៅភ្នំស្រង់ ឯណាទៅវិញ។
លុះពេលរសៀលប្រហែលម៉ោង២៖០០នាទី លោកវរសេនីយ៍ត្រី បូ ថេង ប្រាប់ថា ជនបង្កទៅភ្នំពេញបាត់ហើយ មិនព្រមមកសោះ ហើយលោកគ្មានសមត្ថភាព ហៅជនបង្កមកដោះស្រាយបានទេ ព្រោះជារដូវកាលបោះឆ្នោត ដែលត្រូវថ្នាក់ថ្នមប្រជាជន។ ដោយសារតែទង្វើគេចវេស មិនព្រមដោះស្រាយបែបនេះ ទើបលោកសម្រេចចិត្តសុំអន្តរាគមន៍ពីនាយឧត្តមសេនីយ៍ នេត សាវឿន តែម្តង។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ស៊ឹម សំណាង។
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ លោក ឃុត ស៊ីម ត្រូវបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ រវាងម៉ូតូនិងម៉ូតូ ខណៈដែលកំពុងបើកបរបញ្ច្រាសទិសគ្នា នៅចំណុចខ្លោងទ្វារវត្តស្វាយរំពារ ស្ថិតនៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់បានបណ្តាលមកពីជនបង្កទាំងស្រុង ដែលបានបើកម៉ូតូលឿនដូចហោះ។
ចំពោះបញ្ហានេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺបានទេពី លោកវរសេនីយ៍ត្រី បូ ថេង ព្រោះលោកអះអាងថា កំពុងជាប់ប្រជុំ៕