(ភ្នំពេញ)៖ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន ដែលជាអ្នកធ្លាប់ជួយជ្រោមជ្រែងអតីតគណបក្សសង្គ្រោះរបស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៣ បានបន្តវាយប្រហារទៀតហើយ ទៅលើអ្នកនយោបាយមានទោសរូបនេះ ចំពោះសកម្មភាពអំពាវនាវប្រជាពលរដ្ឋមិនឲ្យទៅចូលរួមបោះឆ្នោត។
លោក សាម អ៊ីន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ បានចាត់ទុកយុទ្ធនាការ «ដេកផ្ទះ ឈ្នះឯង» របស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅរស់នៅបរទេស ជាគំនិតដែលគិតតែពី ប្រយោជន៍ផ្ទាល់ខ្លួន ជាងគិតពីប្រយោជន៍ប្រជាធិបតេយ្យនៅកម្ពុជា។
អគ្គលេខាធិការបក្សរូបនេះ បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់លោកថា «ខ្ញុំយល់ថា លោកប្រធាន សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោតជាមួយពាក្យស្លោក «ដេកផ្ទះ ឈ្នះឯង» គឺគាត់គិតជាចំបងអំពីជោគវាសនាឥទ្ធិពលរបស់គាត់ ក្នុងឆាកនយោបាយកម្ពុជាទៅថ្ងៃមុខ ជាជាងគិតអំពីជោគវាសនាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅអនាគត»។
សូមជម្រាបថា មួយរយៈចុងក្រោយនេះ លោក សាម អ៊ីន តែងតែបានវាយប្រហារទៅលើ យុទ្ធនាការរបស់ទណ្ឌិត សម រង្ស៊ី នេះកាន់តែខ្លាំងឡើងៗ។ ជាក់ស្តែងកាលពីថ្ងៃទី៣១ ខែឧសភា លោក សាម អ៊ីន បានចាត់ទុកថា ទង្វើរបស់លោក សម រង្សី គឺជាទង្វើរបស់មេដឹកនាំអន់ថយ និងត្រៀមខ្លួនចុះចាញ់តែប៉ុណ្ណោះ។
ទន្ទឹមនឹងទស្សនៈរបស់លោក សាម អ៊ីន ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ក៏បានមើលឃើញដែរថា សកម្មភាពរបស់លោក សម រង្ស៊ី គឺជាសកម្មភាពមួយដែល កំពុងរុញច្រានលទ្ធិប្រជាធិបតេយ្យ ឲ្យដើរថយក្រោយ។ ការបោះឆ្នោតនៅកម្ពុជា ត្រូវបានគេដឹងថា កើតមានឡើងវិញយ៉ាងលំបាកនៅកម្ពុជា បន្ទាប់ពីមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ១៩៩១ ដោយមានការជួយជ្រោមជ្រែង ពីអង្គការសហប្រជាជាតិ រួមនឹងបណ្តាប្រទេសជាមិត្ត យ៉ាងច្រើនលើពិភពលោក។
ចាប់តាំងពីឆ្នាំ១៩៩៣ ដែលជាការបោះឆ្នោតអាណតិ្តទី១ រហូតដល់ឆ្នាំ២០១៣ អាណត្តិទី៥ ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមទាំងបណ្តាប្រទេសម្ចាស់ជំនួយធំៗផង បានប្រឹងប្រែងក្នុងការបញ្ជ្រាបអប់រំ ប្រជាពលរដ្ឋកម្ពុជា ដែលមិនធ្លាប់យល់ដឹង អ្វីជាលទ្ធិប្រជាធិបតេយ្យនោះ ឲ្យបានជ្រួតជ្រាបអំពីលទ្ធិមួយនេះ និងជំរុញឲ្យពួកគេទៅចូលរួមបោះឆ្នោត ឲ្យបានច្រើនទាំងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
តាមរយៈការខិតខំ លើកស្ទួយអស់រយៈជាង២០ឆ្នាំមកនេះ ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនចាប់ផ្តើមជ្រួតជ្រាប និងយល់អំពីអ្វីទៅដែលហៅថា លទ្ធិប្រជាធិបតេយ្យ ហើយរាល់ពេលបោះឆ្នោត ពលរដ្ឋកាន់តែច្រើន បានចូលរួមបោះឆ្នោត ដែលមានអត្រាច្រើនជាង បណ្តាប្រទេសមានលទ្ធិប្រជាធិបតេយ្យយូរឆ្នាំ ដូចជា បារាំង និងអាមេរិកទៅទៀត។ ផ្ទុយទៅវិញ នៅពេលនេះ ទណ្ឌិត សម រង្ស៊ី បែរព្យាយាមរារាំង និងបញ្ចុះបញ្ចូលប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោត មានន័យថា ទណ្ឌិតរូបនេះ កំពុងតែទាញលទ្ធិប្រជាធិបតេយ្យ ឲ្យដើរថយក្រោយព្រោះតែដើម្បីមហិច្ឆតារបស់ខ្លួន៕