(កណ្តាល)៖ អគ្គនាយកក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ និងជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បុគ្គលិក របស់ក្រុមហ៊ុនទាំងអស់ អញ្ជើញទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី និងការបន្តថែរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍន៍ឲ្យមានការរីក ចម្រើនឥតឈប់ឈរ ។
លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ បានថ្លែងលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយបុគ្គលិកកម្មករ របស់ក្រុមហ៊ុនស្ថិតក្នុង ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ ។
លោកអគ្គនាយកបានបន្តថា សេរីភាព ដែលយើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែមួយគត់បានធ្វើការអភិវឌ្ឍន៍ ប្រទេសជាតិពីបាទដៃទទេ ដោយចាប់ផ្តើមកសាងស្តារ និងជម្រុញការអភិវឌ្ឍន៍ឱ្យមានការរីកចម្រើន មិនសន្យាខ្យល់ដូចអ្នកនយោបាយប្រថុយប្រថាន មួយចំនួននោះឡើយ ។
លោកឧកញ៉ាឌី ប៉ូ បានបន្ថែមថា ដោយមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី ជាពិសេសក្នុងអាណត្តិទី៥នេះ បានជម្រុញ អភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ គឺទទួលបានសមិទ្ធផលជាច្រើនកើតឡើងជាហូរហែរ ដូចជាផ្លូវ ស្ពាន សាលារៀន វត្តអារាមជាដើម។ ជាក់ស្តែងការផ្តល់ឱកាសឲ្យ ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ បានចូលរួមចំណែកអភិវឌ្ឍន៍ លើវិស័យកសិកម្មដាំដុះដំណាំស្រូវធម្មជាតិមកដល់ពេលនេះ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលផងដែរ ។
នៅក្នុងឱកាសនេះផងងដែរ លោក លី សាម៉េត សមាជិកគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាម ដោយ បានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលជាខ្នងបង្អែកធានាបាន នូវសុខសន្តិភាព និងជម្រុញការអភិវឌ្ឍន៍ប្រទេសឱ្យ មានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ន ដោយបានឆ្លងកាត់ឧបសគ្គគ្រប់ដំណាក់កាល តាំងពីប្រជាពលរដ្ឋមិនមានបាយហូបគ្រប់គ្រាន់ រហូតមកដល់សព្វថ្ងៃមានជីវភាពសមរម្យ ការស់នៅប្រកបដោយភាពសុខសាន្ត ក្រោមតម្លៃសន្តិភាពតែមួយ របស់សម្តេចតេជោ។
លោកបន្តថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍន៍ ឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមឲ្យបងប្អូនទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ដែលនឹងជិតឈានមកដល់នាថ្ងៃ២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេច តេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព។
តំណាងបុគ្គលិកក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ជាច្រើន បានលើកឡើងស្រដៀងគ្នាថា ពួកគាត់មានការសង្ឃឹមជឿជាក់លើ គណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង ព្រោះក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ បានធ្វើឲ្យពួគកាត់ចៀសផុតពីសេចក្តីស្លាប់ ដោយបានអភិវឌ្ឍន៍ ប្រទេសជាតិជាពិសេសការជម្រុញ អភិវឌ្ឍន៍នៅតាមមូលដ្នានឲ្យមានផ្លូវ មានស្ពាន សាលារៀន វត្តអារាម និងការផ្តល់នូវសុវត្ថិភាព នៅតាមមូលដ្ឋានជាដើម ដូចនេះពួកគាត់ទាំងអស់គ្នា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោធ្វើជានាយករដ្ឋមន្រ្តី ៕