(កោះកុង)៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានប្រកាសបញ្ចូលសមាជិកថ្មីចំនួន៤១៧នាក់ នៅស្រុកថ្មបាំង ក្រោមវត្តមានលោក ទៀ សុខា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកថ្មបាំង, លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស្រេង ហុង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកថ្មបាំង, លោក អន សុធារិទ្ធ ប្រធានស្តីទីគណៈកម្មាធិការគណបក្សស្រុកថ្មបាំង រួមនិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើនរូប។
នៅចំពោះសមាជិកសមាជិកាថ្មីរបស់គណបក្ស លោក ទៀ សុខា បានជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុ សូមអញ្ជើញទៅចូលរួមការការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តឡើងថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រកបដោយព្រហ្មវិហារធម៌។
ដោយឡែក លោក កាយ សំរួម ក៏បានថ្លែងទៅកាន់សមាជិកថ្មីថា «ថ្ងៃបោះឆ្នោតប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដូច្នេះសូមឱ្យបងប្អូន ប្រជាពលរដ្ឋ និងសមាជិកថ្មីរបស់គណប្រជាជនកម្ពុជា អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍប្រទេស សុខសន្តិភាព សេរីភាពពេញលេញ ដែលស្ថិតក្រោមការដឹកនាំ របស់ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលប្រទេសជាតិរាល់ថ្ងៃកំពុងមានភាពរីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ មិនតែប៉ុណ្ណោះសម្តេចតេជោ ស្ថិតនៅជាប់បងប្អូនជានិច្ច មិនទុកបងប្អូនចោល១នាទីណាឡើយ»។
ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់រូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿនូវពាក្យញុះញុង សម្តីពួកក្បត់ជាតិឡើយ ដែលនាំមកក្តីមហន្តរាយដល់ប្រទេសជាតិ ដូចរបបប្រល័យពូជសាសន៍ សម្លាប់មិនញញើតដែ, ឪពុកម្តាយមិនស្គាល់កូន, កូនមិនស្គាល់ឪពុកម្តាយ ហើយពួកក្បត់ជាតិទាំងនេះ មិនបាននៅជាមួយបងប្អូនទេ នៅពេលបងប្អូនមានទុក្ខធុរៈ មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលនៅជាប់ជាមួយបងប្អូនលុះគ្រាន់អវស្សាន្ត។ ហេតុដូច្នេះសូមឱ្យបងប្អូនទៅចូលបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ជាសម្គាល់៕