(ភ្នំពេញ)៖ ជាមួយនឹងលំហូរ នៃការវិនិយោគយ៉ាងគំហុករបស់អ្នកវិនិយោគជនជាតិចិននៅកម្ពុជា ទៅលើវិស័យអចលនទ្រព្យ ត្រឹមក្នុងពេលដ៏ខ្លីឆាប់ៗ ខាងមុខនេះ អគារដ៏ខ្ពស់ស្កឹមស្កៃ មានកម្ពស់រហូតដល់១៧៤ម៉ែត្រ នឹងបង្ហាញខ្លួន​ នៅលើទឹកដីតំបន់កោះពេជ្រ ក្បែរអគារ Diamond Twin Tower ក្រោមការវិនិយោគដោយផ្ទាល់របស់តែវ៉ាន់ ដែលមានឈ្មោះថា «Garden In the Air Tower ឬ GIA Tower» នៅក្នុងទំហំទឹកប្រាក់ប្រមាណ ១០០ លានដុល្លារសហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងឱកាស ចុះហត្ថលេខាផ្ដល់សិទ្ធិ លក់ទៅឲ្យក្រុមហ៊ុន «Prime One Real Estate Cambodia» ដែលជាឈ្មួញកណ្តាលអចលនវត្ថុកម្ពុជា-ហុងកុង នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នេះ អ្នកស្រី Dan Borapich អគ្គនាយកក្រុមហ៊ុន GIA អចលនទ្រព្យអន្តរជាតិ បានលើកឡើងថា អគារ Garden In the Air Tower ឬ GIA Tower គឺជាអគារពាណិជ្ជកម្មដ៏ប្រណីត ដែលត្រូវបានសិក្សា​យ៉ាងលម្អិត និងគូរគម្រោងសាងសង់ឡើង ដោយអ្នកជំនាញអន្តរជាតិ ជាមួយនឹងការបំពាក់សម្ភារៈ និងបរិក្ខាបែបទំនើបនាសម័យចុងក្រោយ។

អ្នកស្រីបានបញ្ជាក់​ថា សម្រាប់អគារដែលមានកម្ពស់ ១៧៤ម៉ែត្រ មួយនេះ មានចំនួន៤១ជាន់ ដែលក្រៅពីមានបែងចែកចេញ ផ្នែកសម្រាប់វិស័យពាណិជ្ជកម្ម ការិយាល័យផ្សេងៗ ភោជនីយដ្ឋាន គឺនៅមានផ្នែកសម្រាប់កម្សាន្តផងដែរ ដូចជាការសង់ជាជ្រោះសិប្បនិម្មិត ដែលមានកម្ពស់ ៣០ម៉ែត្រ សួនលើអាកាស ៦ម៉ែត្រ រួមជាមួយ Sky Bar ផងដែរ​។

ដោយឡែកលោក វ័ង (Wong) អគ្គនាយកក្រុមហ៊ុន Prime One Real Estate Cambodia ដែលជាអ្នកទទួលបានសិទ្ធិ លើការលក់ បានលើកឡើងថា ក្នុងនាមជាអ្នកតំណាងឲ្យក្រុមហ៊ុន Prime One Real Estate Cambodia ពិតជាមានមោទនភាព និងរីករាយបំផុត ដែលបានក្លាយជាដៃគូសហការជាមួយ Garden In the Air Tower ឬ GIA Tower​។ លោកបន្តថា សម្រាប់ទីផ្សារលក់ នៅកម្ពុជានាពេលបច្ចុប្បន្ន ហាក់មិនមានសញ្ញាអវិជ្ជមាននោះទេ ជាក់ស្ដែងកាលពីឆ្នាំ២០១៦ និង២០១៧ ក្រុមហ៊ុនរបស់លោក ទទួលបានជោគជ័យជាខ្លាំង ទៅលើការលក់អចលនវត្ថុនៅកម្ពុជា​។

លោកបានសង្កត់ធ្ងន់ថា ដោយឡែកសម្រាប់ Garden In the Air Tower ឬ GIA Tower គឺកាន់តែមានទីផ្សារធំទូលាយ ព្រោះក្រៅពីមានតម្រូវ​ការពីសំណាក់ អ្នកជំនួញក្នុងស្រុក លោកក៏បាន​ធ្វើការផ្សព្វផ្សាយ ទៅកាន់បណ្តាប្រទេសមួយចំនួនទៀតផងដែរ ដែលកំពុងមានបំណង ចង់មកវិនិយោគនៅកម្ពុជា ដែលក្នុងនោះរួមមានដូចជា ប្រទេសចិន ហុងកុង ម៉ាកាវ ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម ហើយតាមរយៈការផ្សព្វផ្សាយ យ៉ាងទូលាយទាំងអស់នេះ លោកជឿជាក់ថា យ៉ាងត្រឹមរយៈពេលជាង១ឆ្នាំ ការលក់នឹងទទួលបានភាពជោគជ័យ ជាក់ជាមិនខាន​៕