(ព្រះសីហនុ)៖ ករណីប្រធានគណនេយ្យ នៅកាស៊ីណូ Queenco ក្នុងខេត្តព្រះសីហនុ លោក ថាន ដារិន បានជេរប្រមាថទៅលើបុគ្គលិករបស់ខ្លួនយ៉ាងចាស់ដៃ ដោយរហូតជេរដល់ម្តាយផងនោះ និងនាំឲ្យមានការរិះគន់យ៉ាងចាស់ដៃតាមបណ្តាញសង្គម Facebook ត្រូវបានដោះស្រាយបញ្ចប់ ក្រោមការសម្រួបសម្រួលពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។ ការសម្របសម្រួលបញ្ចប់បញ្ហានេះ ក្រោយពេលដែលលោក ថាន ដារិន បានសុំទោសជាសាធារណៈដល់ស្រ្តីជាម្តាយ និងបុគ្គលិកក្រោមបង្គាប់របស់ខ្លួន នៅចំពោះមុខសមត្ថកិច្ច។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន បានបញ្ជាក់ថា បន្ទាប់ពីលោកបានមើលឃើញវីដេអូ ប្រធានគណនេយ្យកាស៊ីណូ ឃ្វីនកូន (Queenco) បានជេរម្ដាយបុគ្គលិករបស់ខ្លួនដោយប្រើពាក្យអសុរសនោះ លោកឧត្ដមសេនីយ៍ បានបញ្ជាឲ្យស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ កោះហៅ លោក ថាន ដារិន និងបុគ្គលិកឈ្មោះ អ៊ឹង កែវសុវណ្ណ មកដោះស្រាយដើម្បីបញ្ចប់រឿង។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន បានបន្តទៀតថា ជាការដោះស្រាយបញ្ចប់ លោក ថាន ដារិន បានសុំទោសម្ដាយរបស់យុវជន អ៊ឹង កែវសុវណ្ណ ចំណែកយុវជនជាបុគ្គលិករូបនេះ ក៏បានសុំសុំទោសលោក ថាន ដារិន វិញដែរដែលបានប្រព្រឹត្តកំហុសឆ្គងនៅក្នុងក្រុមហ៊ុន៕