(ព្រះសីហនុ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញមោទនភាពចំពោះការវិនិយោគ និងសមិទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលបានរួមចំណែកបង្កើតការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានបង្ហាញមោទនភាពដូច្នោះ ក្នុងឱកាសដឹកនាំមន្ត្រីក្រោមឱវាទជាង ៦០រូប ចុះទស្សនកិច្ចពិនិត្យមើលខ្សែសង្វាក់ផលិតកម្ម កសិកម្ម ដាំដុះ វិចខ្ចប់ និងនាំចេញកសិផល នៅតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែឧកញ៉ាម៉ុង ដែលមានទីតាំងស្ថិតនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប រួមជាមួយសហការី និងជំនាញការជាតិជាច្រើនរូប។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ និងគណៈប្រតិភូ បានអញ្ជើញពិនិត្យមើលរោងចក្រផលិតចំណីសត្វ អឹម ភីក អេស៊ីអិមស៊ី (ខេមបូឌា) ដែលមានសមត្ថភាពផលិតចំណីដល់ទៅ ២០តោន ក្នុងមួយម៉ោង ឬស្មើប្រមាណ ១២ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជា ពោត ស្រូវ សណ្ដែក និងដំឡូងមី ជាដើម។ល។
លើសពីនេះ ប្រតិភូក្រសួងពាណិជ្ជកម្ម បានអញ្ជើញទស្សនាចម្ការដូងប្រេង ដែលបានដាំដុះនៅលើផ្ទៃដីជាង ២ម៉ឺនហិចតា និងចុះពិនិត្យមើលរោងចក្រចម្រាញ់ដូងប្រេងដ៏ធំជាងគេរបស់កម្ពុជា ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប មានសមត្ថភាពចម្រាញ់ផ្លែដូងប្រេងស្រស់បាន ៦០តោនក្នុងមួយម៉ោង ដើម្បីនាំចេញប្រេងដូងឆៅទៅកាន់បណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសសហគមន៍អ៊ឺរ៉ុប។
បន្ទាប់មក ប្រតិភូក្រសួងពាណិជ្ជកម្ម ក៏បានបន្តដំណើរពិនិត្យមើលចម្ការកៅស៊ូជាង ២ពាន់ហិចតា និងរោងចក្រផលិតជ័រកៅស៊ូ MRT Rubber Plantation ដែលមានបំពាក់ឧបករណ៍ស្វ័យប្រវត្តិ អាចផលិតជ័រកៅស៊ូពាក់កណ្តាលសម្រេច ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមលោកបណ្ឌិត ម៉ុង ឫទ្ធី ប្រទេសអេស្ប៉ាញគឺជាទីផ្សារថ្មីរបស់កៅស៊ូកម្ពុជា ហើយកន្លងមក ក្រុមហ៊ុនបាននាំចេញជ័រកៅស៊ូដោយជោគជ័យទៅកាន់ប្រទេសអេស្ប៉ាញ ចំនួន ២លើក ក្នុងបរិមាណ ២០០តោន។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាជំនួបលើកដំបូងបំផុតរវាងប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ម៉ុង ម៉ុង ឫទ្ធី គ្រុប ដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុកដ៏ធំមួយ ផ្នែកខាងវិស័យសំណង់ កសិកម្ម និងកសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ដឹកជញ្ជូន នាំចេញ-នាំចូល និងផលិតកម្មចំណីសត្វ នៅក្នុងប្រទេសកម្ពុជា។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកដល់ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា (CTIS) ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិ៕