Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រះសីហនុ បំផុសចលនាគិតគូរពីសុវត្ថិភាពចំណីអាហារ តាមរយៈការរៀបចំពិព័រណ៌ម្ហូបអាហារ បន្លែ និងផ្លែឈើ

02-06-2018 14:14

(ព្រះសីហនុ)៖ ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ, រដ្ឋបាលខេត្តព្រះសីហនុ បាននិងបំផុសគំនិតដល់ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងខេត្តព្រះសីហនុ ឱ្យគិតគូរពីសុវត្ថិភាពចំណីអាហារ តាមរយៈការរៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ បន្លែ និងផ្លែឈើ។ ព្រឹត្តិការណ៍ពិព័រណ៌ម្ហូបអាហារ បន្លែ និងផ្លែឈើនេះ នឹងរៀបចំឡើងនៅឆ្នេរអូរឈើទាល ក្នុងរយៈពេលបីថ្ងៃ គឺនៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ពិព័រណ៌ម្ហូបអាហារ បន្លែ និងផ្លែឈើ រំពឹងថា នឹងមានអ្នកចូលរួមប្រមាណ៣០០០នាក់ ពីប្រជាជន ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងខេត្តព្រះសីហនុ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា «ក្រោមឆ័ត្រសន្តិភាព ប្រជាជនកម្ពុជារស់នៅបានសុខសាន្ត មិនខ្វះហូបចុក និងមានសេរីភាពពេញលេញ ប៉ុន្តែអ្វីដែលយើងត្រូវយកចិត្តទុកដាក់ គឺសុវត្ថិភាពចំណីអាហារដែលយើងទទួលទានរាល់ថ្ងៃ»។ ស្តង់ម្ហូបអារហារ បន្លែ ផ្លែឈើដែលជាផលិតផលក្នុងស្រុកជាង១០០ស្តង់ នឹងត្រូវបានរៀបចំក្នុងពិព័រណ៌នេះ ដោយមានការចូលរួម ពីភោជនីយដ្ឋាន អាហារដ្ឋាន និងកសិករដាំបន្លែ ផ្លែឈើដែលគ្មានជាតិគីមី»

ក្រៅពីនេះ រដ្ឋបាលខេត្តក៏រៀបចំឱ្យមានការធ្វើបទបង្ហាញពីរបៀបធ្វើតេស្តរកជាតិគីមី នៅក្នុងចំណីអាហារ បន្លែ ផ្លែឈើដោយមន្ទីរពាក់ព័ន្ធ។ លើសពីនេះទៀត កម្មវិធីកម្សាន្តនានា ក៏ត្រូវបានរៀបចំឡើងផងដែរដើម្បីអបអរពិធីនេះ រួមមាន៖ ការប្រគុំតន្ត្រី, ការសំដែងនានាដោយ ដោយនឹងមានការចូលរួមពីសិល្បៈករ សិល្បៈការិនី និងសាធារណជនយ៉ាងច្រើនកុះករ។ តាមរយៈការចូលរួមក្នុងពិព័រណ៍នេះ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាននឹងត្រូវ បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ទៅលើសុវត្ថិភាពម្ហូបអាហារដែលគេធ្វើ ជាពិសេសទៅលើបន្លែ និងគ្រឿងផ្សំ ដែលគ្មានសារធាតុគីមី។

លោកអភិបាល បានឱ្យដឹងទៀតថា ក្រោយពីព្រឹត្តិការណ៍ពិព័រណ៌នេះទៅ រដ្ឋបាលខេត្តនឹងរៀបចំឱ្យមានការប្រឡងប្រជែង ដើម្បីស្វែងរកភោជនីយដ្ឋាន ឬអាហារដ្ឋានឆ្នើមដោយវាយតម្លៃ ទៅលើគ្រឿងផ្សំគ្មានសារធាតុគីមី អនាម័យ និងសេវាកម្មជាដើម។

លោកអភិបាលបានបន្ថែមទៀតថា ខេត្តព្រះសីហនុជាខេត្តទេសចរណ៍ ដូច្នេះសុវត្ថិភាពចំណីអាហារ ការផ្តួចផ្តើមកម្មវិធីកម្សាន្ត និងសេវាកម្មជារឿងសំខាន់បំផុត ដែលអជ្ញាធរត្រូវយកចិត្តទុក ដើម្បីបម្រើដល់ទេសចរផង ក៏ដូចជា ប្រជាពលរដ្ឋនៅក្នុងខេត្តផង។ ដូច្នេះហើយទើប ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង។ ពិព័រណ៌ម្ហូបអាហារ បន្លែ និងផ្លែឈើនេះនឹងញាំងព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ឱ្យមានភាពអធឹកអធម នឹងសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕