(ភ្នំពេញ)៖ ស្របពេលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរីកចម្រើនជារៀងរាល់ឆ្នាំនោះ គេសង្កេតឃើញមានសណ្ឋាគារ ខុនដូរ ផ្ទះសំណាក់ រួមជាមួយភោជនីយដ្ឋានបរទេសជាច្រើន បង្កើតឡើងយ៉ាងព្រោងព្រាត ដើម្បីបំពេញនូវកំណើនភ្ញៀវទេសចរ ជាក់ស្តែងភោជនីយដ្ឋានអាហារបែបជប៉ុន បានបើកសម្ពោធឱ្យដំណើរការ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅអគាលេខ៤៧០ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្បែរមជ្ឈមណ្ឌលកំសាន្តរ៉ក់។
លោកស្រី គឹម សុគន្ធទេវី ជាម្ចាស់ហាងអាហារជប៉ុន និង ស៊ុប «សាកាណា» បានថ្លែងថា លោកស្រីបានសម្រេចចិត្តបើកហាងថ្មីរបស់ខ្លួន បែបអាហារជប៉ុននេះ ដោយបានចំណាយដើមទុនជិត៥ម៉ឺនដុល្លារអាមេរិក ដោយសារតែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរទាំងចាស់ ទាំងក្មេង និយមញាំអាហារបែបជប៉ុន ជាពិសេសដើម្បីបំពេញតម្រូវការនូវកំណើនភ្ញៀវទេសចរបរទេស និងកំណើននៃភ្ញៀវទេសចរជប៉ុន ដែលបានកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកស្រី គឹម សុគន្ធទេវី បានបន្តថា បច្ចុប្បន្ននេះកំណើនភ្ញៀវទេសចរបរទេស មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចំនួននេះរាប់បញ្ចូលទាំងអ្នកទេសចរ អ្នកវិនិយោគ។ ជាការពិតណាស់ ពេលដែលមានកំណើនជនបរទេស នោះវត្តមានអ្នកផ្គត់ផ្គង់សម្រាប់ពួកគេក៏កើនឡើងផងដែរ ដើម្បីបំពេញតម្រូវការនានា ដូចជាភោជនីយដ្ឋានជាដើម។
លោកស្រីបញ្ជាក់ថា នៅក្នុងភោជនីយដ្ឋានទាំងមូល មានម្ហូបបែបជប៉ុន ត្រូវបានបែងចែកជា មុខម្ហូបពិសេសសម្រាប់យុវវ័យចំនួន១០មុខ ហើយមុខម្ហូបទូទៅសម្រាប់អ្នកធ្វើការជាង៦០មុខ និងមុខម្ហូបសម្រាប់ក្រុមគ្រួសារ ឬជាក្រុមស៊ុប២មុខ។ ជាពិសេសនៅក្នុងឱកាសបើកសម្ពោធនេះ មានការចុះតម្លៃពិសេសរហូតដល់៥០ភាគរយ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ផងដែរ៕