(ភ្នំពេញ)៖ លោក ហេង រតនា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានចាត់ទុកទស្សនៈរបស់ទណ្ឌិត សម រង្ស៊ី «នៅផ្ទះឈ្នះឯង» ជានយោបាយបោកប្រាស់ បង្កចលាចលសង្គម និងបំផ្លាញជាតិតែប៉ុណ្ណោះ។
ការលើកឡើងរបស់លោក ហេង រតនា បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅសម្ងំនៅក្រៅប្រទេស និងបក្ខពួករបស់ខ្លួន បានបំផុសបំផុល ក៏ដូចជាអំពាវនាវប្រជាពលរដ្ឋខ្មែរ កុំឲ្យទៅបោះឆ្នោត។ ក្រុមនេះអះអាងថា ការមិនទៅបោះឆ្នោត គឺគាំទ្រគណបក្សសង្រ្គោះជាតិ ឯការទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បក្សកំពុងកាន់អំណាច។
ពាក់ព័ន្ធទស្សន:របស់ទណ្ឌិត សម រង្ស៊ី «នៅផ្ទះឈ្នះឯង» នេះត្រូវបានលោក ហេង រតនា ពន្យល់ចំនួន៥ចំណុចថា៖
១៖ ប្រពន្ធ័បោះឆ្នោតបែបប្រជាធិបតេយ្យ លើពិភពលោកនេះ គ្មានការប្រកួតប្រជែង រវាងអ្នកបានទៅបោះឆ្នោត និងអ្នកមិនទៅបោះឆ្នោតទេ។ ការមិនចុះឈ្មោះបោះឆ្នោត និងមិនទៅបោះឆ្នោត នេះជាទង្វើនៃការបោះបង់សិទិ្ធ និងកាត្វកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ។
២៖ នៅឯទឹកដីសហរដ្ឋអាមេរិក ប្រធានចលនាចលាចលជាតិ (សម រង្ស៊ី) បានប្រើរូបមន្តពន្យល់ដោយភូតភរបោកប្រាស់ថា អ្នកមានសិទិ្ធបោះឆ្នោតមានចំនួន១០លាននាក់ តែបើផ្អែកលើបញ្ជីឈ្មោះ គ.ជ.ប អ្នកមានសិទិ្ធបោះឆ្នោត មានចំនួន៨,៣៨០,២១៧នាក់ ពោលគឺលោកនោះបានបន្លំចំនួន១,៦១៩,៧៨៣នាក់ ជាស្រេចទៅហើយ។ មនុស្សចំនួន១,៦១៩,៧៨៣នាក់ច្រើនណាស់។
៣៖ លោកនោះ (សម រង្ស៊ី) វិភាគថា គណបក្សប្រជាជន មានចំនួន៣លាននាក់ ដូចនេះគាត់បានបន្លំបំបាត់សមាជិកបក្សរបស់គណបក្សប្រជាជនចំនួនជាង២លាន៨សែននាក់។ សុំបញ្ជាក់ថា ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់នោះ គណបក្សប្រជាជនមានសមាជិកចំនួនជាង៥លាន៨សែននាក់ ស្មើប្រមាណ៦៩.២%។ ដោយបានបែងចែកជាក្រុមបក្សមានចំនួជិត៧០០,០០០ក្រុមបក្ស ត្រៀមចូលសមភូមិប្រជាធិបតេយ្យរួចស្រេចទៅហើយ នៅថ្ងៃទី២៩ ខែកក្កដា ២០១៨។
៤៖ រាល់ប្រទេសប្រកាន់លទិ្ធប្រជាធិបតេយ្យទាំងអស់ គឺមិនគិតអត្រាអ្នកចេញទៅបោះឆ្នោត ដើម្បីកត្តាមូលដ្ឋានកំណត់ឈ្នះចាញ់នោះទេ ហើយកត្តាមូលដ្ឋានកំណត់អ្នកឈ្នះអ្នកចាញ់ មានតែចំនួនសន្លឹកឆ្នោតបានការប៉ុណ្ណោះ។
៥៖ មានប្រទេសប្រកាន់ប្រជាធិបតេយ្យខ្លះ ដែលមានអត្រាអ្នកចេញទៅបោះឆ្នោតតិចជាង ឬក្នុងរង្វង់៥០% នៃអ្នកមានសិទិ្ធបោះឆ្នោត តួយ៉ាងប្រទេសស្វីស មានចំនួនប្រមាណ៣៨% ប៉ុណ្ណោះក្នុងឆ្នាំ២០១៥។
លោក ហេង រតនា បញ្ជាក់ថា «ជារួមទស្សន: «នៅផ្ទះឈ្នះឯង» ជានយោបាយបោកប្រាស់ បង្កចលាចលសង្គម និងបំផ្លាញជាតិតែប៉ុណ្ណោះ គឺមិនពិតទេ! ដូចនេះ ក្រុមអ្នកនៅផ្ទះមិនចេញទៅបោះឆ្នោត គឺជាក្រុមបោះបង់សិទ្ធិ និងកាត្វកិច្ចខ្លួនឯងចោល និងគ្មានតំលៃសំរាប់ជាមូលដ្ឋានលើកមកពិចារណា ឬក៏តវ៉ាឡើយ»៕