(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់សមាជិកគណបក្សត្រូវតែធ្វើអំពើល្អ នៅគ្រប់ទីកន្លែង ហើយត្រូវចៀសវាងការបង្កភាពថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋហើយ បែរជាលាបពណ៌ពួកគេជាបក្សប្រឆាំង។
ក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកត្បូងឃ្មុំនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មេភូមិ មេឃុំ និងមេប៉ុស្តិ៍មួយចំនួនផង បានបង្កភាពថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មានក្រុមការងារពង្រឹង នៅតាមមូលដ្ឋានខ្លះទៀត មិនបង្កបញ្ហាដល់ប្រជាពលរដ្ឋនៅកន្លែងខ្លួនចុះពង្រឹងការងារទេ តែបែរជាទៅបង្កបញ្ហាជាមួយប្រជាពលរដ្ឋ នៅតំបន់ផ្សេងទៅវិញ។
សម្តេចប្រមុខគណបក្សកាន់អំណាចថែមទាំងបានលើកឡើងទៀតថា នៅមានមេភូមិ មេឃុំខ្លះទៀត បង្កបញ្ហាថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ដូចជាជម្លោះដីធ្លីជាដើមហើយលាបពណ៌គេថា ជាបក្សប្រឆាំង។ ចំណុចនេះសម្តេចតេជោថា គ្រោះថ្នាក់ខ្លាំងណាស់សម្រាប់បក្ស។
ដើម្បីបញ្ចៀសការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវធ្វើអំពើល្អនៅគ្រប់កន្លែង ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដូចជាការធ្វើសំបុត្រកំណើត សំបុត្រអាពិពាហ៍ពិពាហ៍ជាដើម ត្រូវធ្វើហើយយកជូនប្រជាពលរដ្ឋដល់ផ្ទះ។
សម្តេចតេជោ បានបញ្ជាក់ប្រាប់សមាជិក សមាជិកាបក្សថា នៅសល់តែ១៨ថ្ងៃទៀតប៉ុណ្ណោះ ដល់ខួប ៤១ឆ្នាំ (២០ កក្កដា ១៩៧៧-២០ កក្កដា ២០១៨) ដែលសម្តេចបានចេញតស៊ូរំដោះប្រទេសជាតិ និងប្រជាជន។ ជាពិសេសក្នុងរយៈ ៤១ឆ្នាំនេះ សម្តេចមិនដែលបានបង្កបញ្ហាសម្រាប់បក្សនោះទេ ជាពិសេសរាល់ការសម្រេចចិត្តរបស់សម្តេចមិនដែលនាំឲ្យមានបញ្ហាសម្រាប់បក្សនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន រំពឹងថាសមាជិកបក្សទាំងអស់ នឹងរួមគ្នាធ្វើអំពើល្អ បម្រើប្រជាពលរដ្ឋ ដើម្បីគណបក្សទទួលបានការគាំទ្រកាន់តែខ្លាំងក្លាពីប្រជាពលរដ្ឋ៕