(ភ្នំពេញ)៖ ជាមួយនឹងភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេស សញ្ញាវិជ្ជមាននៃការប្រកបជំនួញទៅលើការផ្គត់ផ្គង់ចំណីអាហារ និងភេសជ្ជៈម៉ាកល្បីៗនោះ ក្រុមហ៊ុន Luxury Smile (Cambodia) Co., Ltd បានប្រកាសពីការសម្រេចចិត្តនាំចូល និងចែកចាយផ្តាច់មុខបន្តនូវនំចំនួន២រសជាតិ ដែលជាប្រភេទអាហារសម្រន់ដ៏ល្បី ប្រចាំនៅប្រទេសជប៉ុន មកចែកចាយបន្តផ្ដាច់មុខ នៅលើទីផ្សារកម្ពុជា។
ថ្លែងក្នុងឱកាស នៃការប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវទីតាំងថ្មីរបស់ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ដែលមានទីតាំងស្ថិតនៅ អគារលេខ ០៩ ABEo ផ្លូវ ១៤៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួមជាមួយការប្រកាស បើកសម្ពោធក្រុមហ៊ុន Monsne Café លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត បានប្រាប់ឲ្យដឹងថា ជាការអបអរសាទរ សម្រាប់ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ដែលបង្កើតជាផ្លូវការ នូវក្រុមហ៊ុនបុត្រសម្ព័ន្ធ Monsne Café លោកឧកញ៉ា បានសម្រេចនាំយកនំ បែបអាហារសម្រន់ចំនួនពីរប្រភេទ មកកាន់ទីផ្សារកម្ពុជា។ ចំពោះនំទាំង២ប្រភេទនេះ គឺជាប្រភេទនំសម្រន់ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍ ចំពោះសុខភាព ដែលទទួលបានការគាំទ្រ ពីសំណាក់យុវវ័យ ក៏ដូចជាមនុស្សទូទៅយ៉ាងច្រើន នៅប្រទេសជប៉ុន។
ជាមួយនឹការនាំយកនំ ដ៏ល្បីឈ្មោះខាងលើនេះ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត ជាអគ្គនាយកក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ក៏បានបញ្ជាក់ផងដែរថា ចំពោះនំទាំង២នេះ គឺស្ថិតនៅក្រោមស្លាកយីហោ Monsne Café ដោយមានឈ្មោះថា Monsne Hokkaido Cheese Tart និង Monsne Milk Lava។ សម្រាប់ Monsne Café បើទោះជាទើបតែ បានដំណើរការ កាលពីពេលកន្លងទៅ ក្នុងរយៈពេលខ្លី ប៉ុន្តែជាលទ្ធផលពេលនេះ ក្រុមហ៊ុនទទួលបានការស្នើ សុំទិញសិទ្ធិលក់ (Franchise) បន្តពីសំណាក់អតិថិជន ចំនួន៦៨នាក់រួចទៅហើយ ដែលរង់ចាំតែការសម្រេចផ្តល់សិទ្ធិ ពីសំណាក់ក្រុមហ៊ុនតែប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុន ក៏កំពុងរៀបចំឯកសារ ដើម្បីលក់សិទ្ធិបន្តនៅតាម ប្រទេសជិតខាងមួយចំនួន ដូចជាប្រទេសថៃ និងប្រទេសឡាវ ជាដើម។
លោកឧកញ៉ាបញ្ជាក់ថា ទាំងនេះ គឺជាមោទនភាពថ្មីមួយ ក្នុងនាមជាអ្នកជំនួញ និងជាកូនខ្មែរ ដែលអាចបង្កើតម៉ាកសញ្ញា (Franchise) ដោយខ្លួនឯង ហើយអាចលក់បន្ត ចេញទៅក្រៅប្រទេស ហើយលោកនឹងបន្តព្យាយាម ពង្រីកសាខាលើមុខជំនួញមួយនេះ ឲ្យជោគជ័យ និងច្រើនកន្លែង ដើម្បីជាការចូលរួមចំណែក ផ្តល់ជូននូវការងារដល់ពលរដ្ឋខ្មែរ ក៏ដូចជាការចូលរួមកាត់បន្ថយ នូវភាពក្រីក្រផងដែរ៕