(កោះកុង)៖ ស្រុកថ្មបាំង គឺទឹកដីខេត្តកោះកុង ជាតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ននេះថ្មបាំង បានប្រែក្លាយមុខមាត់ថ្មី ជាតំបន់ដែលមានសក្តានុពលខ្ពស់ លើវិស័យកសិកម្មដំណាំហូបផ្លែ ដោយបានចូលរួមចំណែកលើកស្ទួយកម្រិតជីវភាព របស់ពលរដ្ឋបានមួយម្រិត និងបានបង្កប់ នូវអាថ៌កំបាំងធម្មជាតិមួយចំនួន។
លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំងបានថ្លែងថា នៅក្នុងទឹកដីស្រុកថ្មបាំងទាំងមូល មានប្រជាជនប្រកបរបរកសិករប្រមាណ៩០ភាគរយ ហើយសម្រាប់ដំណាំវិញ គឺបានបែងចែកជាពីរប្រភេទរួមមាន៖ ដំណាំវិលជុំ និងដំណាំយុទ្ធសាស្ត្រ។ សម្រាប់ដំណាំវិលជុំមាន ចេក ល្ហុង ត្រាវ រួមទាំងដំណាំផ្សេងទៀត។
លោក អន សុធារិទ្ធ បានបន្តថា សម្រាប់ដំណាំចិត្តសាស្ត្ររួមមាន៖ ទុរេនថ្មបាំង មង្ឃុតថ្មបាំង សាវម៉ាវថ្មបាំង កៅស៊ូ ប័រ ផាសិន ម្រេចជាដើម ហើយនៅក្នុងស្រុកថ្មបាំងទាំងមូល មានសក្តានុពលពីរចំណុចធំៗរួមមាន៖ ផ្ទៃដីសប្បូរទៅដោយជីវជាតិ និងវិស័យអេកូទេសចរណ៍ ជាមួយគ្នានេះស្រុកថ្មបាំង សប្បូរទៅដោយទេសចរណ៍វប្បធម៌ រួមមាន៖ ពាងបូរាណ មជ្ឈូសបូរាណ ដែលមានអាយុកាលជាចម្រើនរយឆ្នាំ និងលក្ខណៈទេសចរណ៍តាមបែបធម្មជាតិ ដែលសប្បូរទៅដោយទឹកជ្រោះ និងទីកន្លែងកំសាន្តនានាជាច្រើនផងដែរ។
លោកអភិបាលស្រុកបានបញ្ជាក់ថា សម្រាប់ដំណាំនៅក្នុងស្រុកថ្មបាំងទាំងមូល គឺប្រជាកសិករបានធ្វើឡើងតាមបែបធម្មជាតិ (សិរីរាង្គ) ដោយមានអង្គការមួយចំនួនជាដៃគូ បានចុះមកបង្ហាត់បង្រៀន ពីបច្ចេកទេសប្រើប្រាស់ជីធម្មជាតិ ជាពិសេសជីសិរីរាង្គតែម្តង។ ជាមួយគ្នានេះ រាល់ផលិតផលនៅក្នុងស្រុក បាននាំចេញទៅលក់នៅលើទីផ្សារមួយចំនួនធំ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនសូវមានប្រជាពលរដ្ឋ បានស្គាល់ពីប្រភពទៅវិញ។
នៅក្នុងស្រុកថ្មបាំង ដំណាំដែលមានភាពល្បីល្បាញជាងគេគឺ ដំណាំផ្លែទុរេនបូរាណ ដែលមានគុណភាពល្អផ្អែមឆ្ងាញ់ ហើយទុរេនបូរាណនេះ មានអាយុកាលរាប់រយឆ្នាំ មានដើមខ្ពស់ៗ និងមានផ្លែតូចដែលទម្ងន់ក្នុងមួយផ្លែប្រមាណ១គីឡូក្រាមតែប៉ុណ្ណោះ។
ចំពោះពូជទុរេន លោក ឆម លីប៊ុនថេង កសិកររស់នៅភូមិកណ្តាល ឃុំតាតៃលើ ស្រុកថ្មបាំង បានថ្លែងថា កសិករចូលចិត្តដាំភាគច្រើនជាប្រភេទធូរេន ដែលនាំចូលពូជពីក្រៅ ប្រទេសផ្សេងៗ ដូចជា កាន់យ៉ាវ ពូជមុនថង់ ភូម៉ាន់នី កាដុំ ជាដើម។ សម្រាប់ការនាំចេញយកទៅ លក់តាមទីផ្សារនានាវិញ ភាគច្រើនលក់ទៅកាន់ខេត្តកំពង់ស្ពឺ ព្រះសីហនុ ភ្នំពេញ ដែលជាទីផ្សារធំ។
លោក ឆម លីប៊ុនថេង បានបន្តថា «ការប្រមូលផលឆ្នាំមុនមានការខាតជាច្រើន ប្រហែលជា២០០០០ដុល្លារ ទៅ៣០០០០ដុល្លារ ដោយជួបជាមួយបញ្ហាប្រឈម គឺជំងឺលើដំណាំ។ ខ្ញុំប្រមូលផលបានតិច ហើយតម្លៃនៅទីផ្សារបានថោក គឺឆ្នាំមុន បានតែមួយគីឡូ១០០០០រៀលទេ តែឆ្នាំនេះខ្ញុំសង្ឃឹមថា នឹងមានការចំណេញច្រើន ព្រោះឆ្នាំនេះ ទុរេនបានផ្លែច្រើនជាងឆ្នាំមុន ដោយក្នុង១ដើមបានប្រហែលជា៣០០គីឡូ»។
សូមជម្រាបថា ក្រៅពីតំបន់ដែលពោរពេញ ទៅដោយដំណាំហូបផ្លែ នៅក្នុងខេត្តកោះកុង មានតំបន់ទេសចរណ៍ដែលល្បីល្បាញ ដែលមានតំបន់សក្តានុពល ចំនួន៣កន្លែងផ្សេងទៀត ដែលរួមមានទឹកជ្រោះ ព្រៃភ្នំ សត្វព្រៃ រូបសំណាក់ថ្មដំរី ស្ថិតក្នុងភូមិសាស្ត្រភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ទន្ទឹមនឹងនេះ ភូមិពោធិ៍បឹង និងភូមិព្រះអង្គកែវ ក្នុងឃុំដងពែង ក៏មានតំបន់សក្តានុពលជាច្រើនដូចជាទឹកធ្លាក់ ទេសភាពដងស្ទឹង សត្វព្រៃ និងព្រៃភ្នំ៕