(ភ្នំពេញ)៖ ពានរង្វាន់បាល់ទាត់ពាក់កណ្ដាលអាជីពក្រោមអាយុ ១៨ឆ្នាំ KMH Cup U18 ឆ្នាំ២០១៨ បានរកឃើងជើងឯកហើយ គឺក្រុមយុវជនព្រះខ័នរាជស្វាយរៀង ក្រោយយកឈ្នះក្រុមសម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និងបញ្ញវន្តកម្ពុជា ដោយលទ្ធផល ២-០ ខណៈជំនួបវគ្គផ្ដាច់ព្រ័ត្រជក់ចិត្តនេះ បានធ្វើឡើងចំថ្ងៃពិសេសរបស់កុមារ គឺទិវាកុមារអន្ដរជាតិតែម្ដង។

ក្រោយការផ្ដួចផ្ដើមរបស់លោក កាំង សេន ស្ថាបនិកពាន និងមូលនិធិបាល់ទាត់ KMH មុនឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ ក៏មានការរៀបចំនូវព្រឹត្តិការណ៍បាល់ទាត់ទិវាកុមារ ខេ អឹម អេច KMH International Children’s Day ដើម្បីផ្ដល់នូវកម្មវិធីកម្សាន្ដសប្បាយៗដល់កុមារប្រមាណ ៥០០នាក់ មកពីសាលាបឋមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកុមាររស់នៅក្នុងសហគមន៍រោងចក្រដំបូងខៀវ តាមរយៈការបង្ហាញបច្ចេកទេសរៀងៗខ្លួនផងដែរ។

មិនតែប៉ុណ្ណោះ សម្រាប់ថ្ងៃដ៏ពិសេស ចំពោះកុមារទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោកម្សិលមិញ នៅព្រឹកថ្ងៃដដែល មូលនិធិ KMH ក្រោមការដឹកនាំរបស់លោក កាំង សេន រួមទាំងតំណាងកីឡាករចូលរួមប្រកួតពានរង្វាន់ KMH Cup ក៏បាននាំយកថវិកាសប្បុរសធម៌ចំនួន ៣,០០០ដុល្លារ ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការងារសង្គម តាមរយៈមន្ទីរពេទ្យ ដែលកំពុងត្រូវការថវិកាដ៏ច្រើន សម្រាប់ចំណាយក្នុងការព្យាបាលកុមារទូទាំងប្រទេសកម្ពុជានេះទៀតផង។

ដោយឡែកក្រឡេកមកចាប់អារម្មណ៍ការប្រកួតផ្ដាច់ព្រ័ត្ររវាងក្រុមយុវជនព្រះខ័នរាជស្វាយរៀង និងក្រុមសម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និងបញ្ញវន្តកម្ពុជា ឃើញថា ក្រុមប្រជុំដោយថ្នាលរបស់ក្លឹបលីគកំពូលកម្ពុជានេះ រកបាន២គ្រាប់ដោយកីឡាករ ប្រាក់ មុន្នីវីរៈ នៅនាទីទី៣ ដើមតង់ទី១ និងកីឡាករ ស៊ាង បូរិន នៅដើមតង់ទី២ នាទី៥១។ ចំណែកក្រុមយុវជនសម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និងបញ្ញវន្តកម្ពុជា បានត្រឹមសោកស្ដាយប៉ុណ្ណោះ ក្រោយព្យាយាមវាយបកមិនបានស្រេច។

ជាមួយនឹងការដណ្ដើមបានជើងឯក KMH Cup U18 នេះដែរ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងទទួលបានប្រាក់រង្វាន់ ៤,០០០ដុល្លារ គ្រាដែលក្រុមជើងឯករង សម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និងបញ្ញវន្តកម្ពុជា ទទួលបានប្រាក់រង្វាន់ ២,០០០ដុល្លារ៕