(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាឥតទីពឹង ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា សរុបចំនួន១៧៣គ្រួសារ នៅឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នៅក្នុងពិធីនោះ មានអញ្ជើញចូលរួមពីប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។
នៅក្នុងឱកាសនោះ លោក ម៉ុម សារឿន ក៏បាននាំការផ្តាំផ្ញើរសាកសួសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋរស់នៅឃុំស្រែសំបូរទាំងអស់ និងសូមផ្តាំផ្ញើឲ្យថែទាំសុខភាពឲ្យបានល្អ មានអនាម័យក្នុងការរស់នៅ បញ្ជូនកូនចៅទៅសាលារៀន ខិតខំបន្តប្រកបរបរចិញ្ចឹមជីវិតដោយសេចក្តីថ្លៃថ្នូរក្នុងប្រទេស ដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនេះ។
ជាមួយគ្នានេះ លោកប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១៧៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, មុង១, សារុង ១, ក្រមា១ និងភួយ១។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីសុខទុក្ខ មានក្តីមេត្តាករុណា និងទឹកចិត្តជ្រះថ្លា ជួយដល់ប្រជាពលរដ្ឋមានទុក្ខលំបាក ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ៕