(កណ្ដាល)៖ គណបក្សប្រជាជនកម្ពុជា នៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៣៧៤នាក់ នៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ដើម្បីពង្រឹងកម្លាំងថ្នាក់មូលដ្ឋាន ឲ្យកាន់តែខ្លាំងឡើង។

ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមវត្តមាន លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក ដែលបានរៀបចំធ្វើឡើង នៅទីស្នាក់ការគណបក្សស្រុកលើកដែក ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ​។

លោក ហេង រតនា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកគណបក្សប្រជាជនថ្មី បន្ទាប់ពីសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួម ក្នុងសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ជួយស្រោចស្រង់ប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍ រីកចំរើនរហូត មកដល់សព្វថ្ងៃនេះ។

លោក ហេង រតនា បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបើកទ្វារជានិច្ចស្វាគមន៍ចំពោះការ ចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាកសាងប្រទេសយើង ឲ្យកាន់តែរីកចំរើនថែមទៀត។

ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ហើយក៏មិនមានការគុំគួន ដូចគណបក្ស ខ្លះនោះទេ ផ្ទុយទៅវិញយើងនាំគ្នាកសាងប្រទេសយើង ឲ្យមានការរីកចម្រើនជឿនលឿនរុងរឿងថែមទៀត»

ជាមួយគ្នានោះ លោក ក៏បានសំណូមពរដល់សមាជិកថ្មីទាំងអស់ ដែលបានបញ្ចូលជាសមាជិកបក្សនៅពេលនេះ ត្រូវរួមសាមគ្គីគ្នា ឲ្យរឹងមាំផ្សព្វផ្សាយ ពីគោលនយោបាយ បក្សឲ្យបានជ្រូតជ្រាបដល់ ប្រជាពលរដ្ឋ ហើយនៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ត្រូវចេះដឹកនាំ សមាជិកបក្ស ក៏ដូចជា ក្រុមគ្រួសារបងប្អូនឲ្យទៅបោះឆ្នោត ឲ្យបានគ្រប់ៗ គ្នាបោះឆ្នោតគូស ឲ្យចំគណបក្សប្រជាជនកម្ពុជាម្នាក់ ឲ្យបានមួយសន្លឹកដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំប្រទេស និងមានការ អភិវឌ្ឍន៍បន្តទៅទៀត៕