(បន្ទាយមានជ័យ)៖ ផ្ទៃដីជាង១,៤០០ហិកតា ស្ថិតនៅស្រុកភ្នំស្រុក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននិងកំពុងធ្វើការអភិវឌ្ឍដើម្បីឈានទៅដល់ការសាងសង់ផ្ទះ ហើយចែកជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជាជាង៥០០គ្រួសារនៅពេលខាងមុខ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បច្ចុប្បន្ននេះសមាគមដែលមានយោធា នគរបាល និងអាវុធហត្ថ ក្រោមការដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម និងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមនោះ ក្រុមការងារ បាននិងកំពុងធ្វើផ្លូវជាង៧គីឡូម៉ែត្រ ចេញពីផ្លូវធំ រហូតដល់កន្លែងដី ដើម្បីធ្វើការអភិវឌ្ឍ និងសាងសង់ផ្ទះជំហ៊ានដំបូង២០០ខ្នង ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ឈានទៅដល់ការចែកជូនបងប្អូនអតីតយុទ្ធជនដំណាក់កាលទី១ ចំនួន២៣៧គ្រួសារ ទទួលបានផ្ទៃបង្កបង្កើនផល ១.៥ហិកតា និងដីឡូត៍ទំហំ៣០ម៉ែត្រ គុណ៥០ម៉ែត្រ ដែលការចែកជូនខ្ទង់ខែមិថុនា ឬខែកក្កដាខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា ក៏បានរំលឹកផងដែរថា ពីមុនផ្ទៃដីទំហំ២,២២២ហិកតា ដែលគេហៅថាដីការ៉េ២នោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទុកជាដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជនកម្ពុជា ប៉ុន្ដែនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ក្រសួងរៀបចំដែនដី បានប្រគល់សិទ្ធិគ្រប់គ្រង ដីបម្រុងទុកទាំងនេះ ជូនគណៈបញ្ជាការឯកភាពខេត្តវិញ ដើម្បីចាត់ចែងបន្ដ។
លុះដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ លោក សួន បវរ ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានសម្រេចប្រគល់ដីទាំង២,២២២ហិកតានេះ ជូនសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងគម្រោងអនុវត្តសម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលមានទីតាំងនៅស្រុកភ្នំស្រុក។
លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា បានបញ្ជាក់ទៀតថា បន្ទាប់មកដោយមើលឃើញថា មានបងប្អូនប្រជាពលរដ្ឋមូលដ្ឋានមានជីវភាពក្រីក្រនោះ ខាងសមាគម និងគណៈបញ្ជាការឯកភាពស្រុក ទាំង៣រួមមាន ស្រុកភ្នំស្រុក ស្រុកថ្មពួក និងស្រុកស្វាយចេក ក៏បានប្រជុំសម្រេចកាត់ជូនដីប្រមាណ៨០០ហិកតា ទៅឲ្យប្រជាពលរដ្ឋក្រីក្រទាំងនោះ ដោយបានស្នើសុំទៅអភិបាលខេត្ត និងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមមានការឯកភាពទាំងអស់ ដូច្នេះសមាគមនៅសល់ទំហំដី តែប្រមាណ១,៤០០ហិកតាប៉ុណ្ណោះ ទុកសម្រាប់ចែកជូនបងប្អូនអតីតយុទ្ធជនកម្ពុជា និងគ្រួសាររបស់ពួកគេនៅពេលខាងមុខ។
បើតាមលោកឧត្តមសេនីយ៍ទោ ក្រោយពីទទួលបានដីសម្បទានសង្គមកិច្ចទាំងនេះរួចហើយ ប្រជាពលរដ្ឋមិនអស់ចិត្តបានបន្ដសុំដីបន្ថែម រហូតដល់៧០០ហិចតាទៀត ប៉ុន្ដែខាងសមាគមមិនបានផ្ដល់ជូន ក៏កើតមានការប្ដឹងលោកជាលក្ខណៈបុគ្គលទៅកាន់ថ្នាក់លើ ថាបានរំលោភយកដីទាំងនេះ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ប្រធានសមាគម បានបញ្ជាក់ថា លោកបានអនុវត្ត និងធ្វើតាមការណែនាំរបស់ថ្នាក់លើដើម្បីចែកជូនដី ដល់បងប្អូនអតីតយុទ្ធជន មិនបានរំលោភបំពានដូចការចោទប្រកាន់អ្វីនោះទេ។
សូមបញ្ជាក់ថា បងប្អូនគ្រួសារអតីតយុទ្ធជនទូទាំងខេត្តបន្ទាយមានជ័យ មានចំនួន៥០,១០៨គ្រួសារ ប៉ុន្ដែអតីតយុទ្ធជនដែលមានការខ្វះខាតចំនួន២៣៧គ្រួសារ និងទទួលបានដីធ្លី ផ្ទះសម្បែងនៅពេលខាងមុខដ៏ខ្លីនេះ ខណៈដែលសមាជិកថ្មីនឹងបន្ដទទួលបាននៅពេលខាងមុខទៀត៕