(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកប្រមាណ២៥០នាក់ បានសហការជាមួយក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសម៉ាស៊ី មកពីក្រុមហ៊ុន PESTECH (Cambodia) Limited ចំនួន១៥០នាក់ សរុប៤០០នាក់ ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋប្រមាណ៧ពាន់នាក់ ថែមទាំងចែកជូនថ្នាំដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យអមលាំង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលដឹកនាំផ្ទាល់ដោយ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធាន ស.ស.យ.ក អមដំណើរដោយ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រុមលេខាធិការដ្ឋាន លោក ហ៊ុន ម៉ានី ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនទៀតរួមមានពី៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ លោក ហ៊ូ តាំងអេង រដ្ឋលលេខាធិការក្រសួងផែនការ លោកស្រី ហង់ លីណា រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស៊ុំ សំណាង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក នួន ថារ័ត្ន សមាជិកអចិន្ត្រៃ សហភាពសហព័ន្ធយុវជនកម្ពុជា លោក សំ រិទ្ធី ក្រុមលេខាធិការដ្ឋាន លោក ហ៊ុន ម៉ានី លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពងស្ពឺ លោក គាវ លាងគា អភិបាលស្រុកថ្ពង លោក ឆាយ សត្យា ប្រធាន ស.ស.យ.ក ក្រសួងផែនការ លោកសាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជនក្រុមការងារ យុវជនគណបក្សរាជធានីភ្នំពេញ លោក Peang Pharoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា ស.ស.យ.ក ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងក្រុមការងារ។
ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។
សូមជម្រាបជូនថា ការងារសប្បុរសធម៌រវាងក្រុមគ្រូពេទ្យស័គ្រចិត្ត លោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យជំនាញ ក្រុមហ៊ុន PESTECH (Cambodia) Limited មកពីប្រទេសម៉ាឡេស៊ីនេះ ធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ហើយនេះជាលើកទី៥ផងដែរ ក្នុងកិច្ចសហការសប្បុរសធម៌មួយនេះ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។