(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានប្រកាសឲ្យប្រជាពលរដ្ឋ ឲ្យទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជា តែមួយទេ ដែលអាចបន្តដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ម៉ូវ ម៉ានិត បានលើកឡើងយ៉ាងដូច្នេះ ក្នុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់-ភូមិ មួយចំនួនចូលរួមបើកការដ្ឋានស្ថាបនាដាក់ប្រព័ន្ធលូ១ខ្សែ មានប្រវែង ១១០០ម៉ែត្រ មានមុខកាត់០,៨ម៉ែត្រ ក្រោយមានភ្លៀងធ្លាក់ជោគជាំនារដូវវស្សានេះ បណ្ដាលឲ្យមានការលិចលង់ និងដក់ទឹកតាមបណ្ដាផ្លូវនានា ក្នុងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋរស់នៅភូមិសែនសុខទី៥ និងភូមិសែនសុខទី៦ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចាប់ពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះតទៅ។
ក្នុងពិធីខាងលើនេះ លោក ម៉ូវ ម៉ានិត បានថ្លែងថា បន្ទាប់ពីដាក់ប្រព័ន្ធលូ១ខ្សែ ក្នុងរដូវវស្សានេះរួចរាល់ជាស្ថាពរ នឹងអាចជួយសម្រួលដល់ការលំបាកផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបាន ទាំងការរំដោះទឹក និងបញ្ជៀសបាននូវការលិចលង់ ដោយសារជំនន់ទឹកភ្លៀង។
លោក ម៉ូវ ម៉ានិត បន្តថា ការអភិវឌ្ឍន៍ជាបន្តបន្ទាប់ អាចដំណើរការទៅបានដោយរលូន ក៍ព្រោះដោយសារតែប្រទេសជាតិយើង ទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្លាប់ហែលឆ្លងកាត់បញ្ហាលំបាកនានា ក្នុងសម័យសង្គ្រាមជាច្រើនឆ្នាំ ប្រែក្លាយទៅជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ លើដំបូលសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅចំពោះមុខប្រជាពលរដ្ឋ លោក ម៉ូវ ម៉ានិត បានថ្លែងបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខនេះ សូមឲ្យក្រុមគ្រួសារប្រជាពលរដ្ឋ បំពេញកត្តប្បកិច្ចក្នុងការចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» ដើម្បីទទួលនូវសុខសន្តិភាព និងការអភិវឌ្ឃន៍បន្តទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕