(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤កន្លងទៅ កម្លាំងនគរបាលខេត្តកំពត បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ ដែលមានកាំភ្លើង AK និងពូថៅ ជាបន្ដបន្ទាប់សរុប៧នាក់ បន្ទាប់ពីពួកគេបានប្លន់ទ្រព្យសម្បត្តិនៅផ្ទះប្រជាពលរដ្ឋម្នាក់ ឈ្មោះ ហោ ប៊ុនហេង ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ក្រុមចោរប្លន់ទាំង៧នាក់នេះ ត្រូវបានសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ រហូតមានការឃុំខ្លួន និងឈានទៅដល់ការផ្ដន្ទាទោសទៀតផង ប៉ុន្ដែក្នុងចំណោមក្រុមចោរប្លន់ទាំង៧នាក់នេះ មានចោរប្លន់ម្នាក់ឈ្មោះ គួន សំណាង បានប្ដឹងជំទាស់ជាបន្ដបន្ទាប់ រហូតដល់តុលាការកំពូល ដោយសារតែរូបគេ បានអះអាងថា ខ្លួនពុំបានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពប្លន់ប្រដាប់អាវុធនោះឡើយ ពោលមានសាក្សី ដែលដឹងលឺនៅក្បែរផ្ទះអាចបញ្ជាក់បានទៀតផង។
តាមរយៈអង្គភាពព័ត៌មាន Fresh News សាច់ញាតិមុខសញ្ញាប្លន់ និងតាមរយៈមេធាវីរបស់ខ្លួន បានទទូចឲ្យតុលាការកំពូលសុំដោះលែងឈ្មោះ គួន សំណាង ឲ្យនៅក្រៅឃុំ ដើម្បីវិលមករកជួបជុំក្រុមគ្រួសារវិញ។
តាមរយៈកំណត់ហេតុរបស់មេធាវី ជនជាប់ចោទរូបនេះ បានបង្ហាញឈ្មោះសាក្សីមួយចំនួនដែលបានរៀបរាប់ថា នៅថ្ងៃកើតហេតុនោះ ពួកគេបានឃើញឈ្មោះ គួន សំណាង នៅផ្ទះទិញបបរឲ្យកូនស្រី ហើយមិនបានចេញទៅណានោះឡើយ។
សូមបញ្ជាក់ថា ក្រុមចោរប្លន់ទាំង៧នាក់ដែលត្រូវចាប់ខ្លួននោះរួមមាន៖ ទី១៖ ឈ្មោះ គួន សំណាង អាយុ៣៩ឆ្នាំ មុខរបរជាគ្រូបង្រៀន រស់នៅភូមិព្រែកប្រោះ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ, ទី២៖ ឈ្មោះ សឿន សំណាង អាយុ៣០ឆ្នាំ មុខរបរជាប្រធានក្រុមបរិស្ថាន ប្រចាំតំបន់អន្លង់ធំ រស់នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្ដកំពត, ទី៣៖ ឈ្មោះ យ៉ាង សារិន អាយុ២៥ឆ្នាំ មុខរបរ ពេទ្យធ្មេញ រស់នៅភូមិត្រពាំងល្ពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ, ទី៤៖ ឈ្មោះ ញ៉ ញឹម អាយុ២៥ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប រស់នៅភូមិព្រែកប្រោះ ឃុំពងទឹក ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ, ទី៥៖ ឈ្មោះ ឡឹប វណ្ណា អាយុ២៦ឆ្នាំ មុខរបរកសិករ, ទី៦៖ ឈ្មោះ ទួន វុទ្ធី អាយុ២៤ឆ្នាំ មុខរបរកសិករ និងទី៧៖ ឈ្មោះ ឯម តុលា អាយុ២៥ឆ្នាំ មុខរបរកសិករ ដែលជនសង្ស័យទាំង ៣នាក់ចុងក្រោយនេះ រស់ នៅភូមិព្រែកត្នោ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្ដកំពត៕