(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមិនបានបង្កើតច្បាប់ ឬធ្វើណាមួយគាបសង្កត់ដល់អ្នកវិនិយោគិនបរទេស ដែលបានមកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជាឡើយ ពោលគឺមានតែជួយគាំទ្រ និងការពារដល់អ្នកវិនិយោគគ្រប់ពេលវេលាទាំងអស់។
លោក ឈួន ដារ៉ា បានថ្លែងបែបនេះ នៅក្នុងឱកាសលោកបានអញ្ជើញជាអធិតីពិធីសម្ពោធផលិតផល មីហ្គោល ដែលសហការជាមួយក្រុមហ៊ុន ស៊ូន ស៊ូន គ្រុប ក្រុមហ៊ុន Mamee Double Decker និងក្រុមហ៊ុន Eragold (Singapore) Corporation កាលពីរាត្រីថ្ងៃទី៣១ ខែឧសភា កន្លងទៅ នៅមជ្ឈមណ្ឌលកោះពេជ្រ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជា នឹងមិនបានធ្វើច្បាប់ ដើម្បីប្រែក្រឡាស់គាបសង្កត់ដល់អ្នកវិនិយោគ នៅស្រុកខ្មែរ និងបរទេសឡើយ គឺរដ្ឋាភិបាលកម្ពុជាមានតែផ្តល់ ឱកាសជាច្រើនសម្រាប់ អ្នកវិនិយោគនៅប្រទេសកម្ពុជា និងតែងតែគាំទ្រអ្នកវិនិយោគ គ្រប់ពេលវេលា ដូច្នេះកម្ពុជាតែងតែរៀបចំ វេទិការវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន ដើម្បីជួយដោះស្រាយ ជាមួយគ្នាទៅវិញទៅមក»។
លោក ឈួន ដារ៉ា បានបន្តថា កម្ពុជាបានផ្តល់ភាពគ្រប់បែបយ៉ាងសម្រាប់អ្នកវិនិយោគ ដែលបានចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ហើយក៏អាចផ្ទេរភាគហ៊ុន ឬលក់ភាគហ៊ុន ទៅឱ្យអ្នកផ្សេងវិញបាន ហើយក៏អាចដកលុយ ទៅប្រទេសខ្លួនឯងវិញបានដែរ ដោយមិនចាំបាច់សុំច្បាប់ ពីរាជរដ្ឋាភិបាលនោះទេ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានបន្ថែមទៀតថា ចំពោះក្រុមហ៊ុន ដែលបានមកចាប់ដៃផលិតផល មីហ្គោល នៅក្នុងពេលនេះ សូមជឿជាក់ថា កម្ពុជានិងមិនធ្វើច្បាប់អ្វី ដើម្បីប្រែក្រឡាស់ទៅគាប់សង្កត់អ្នកវិនិយោគ ដើម្បីដកដើមទុននោះទេ។
ជាមួយគ្នានេះលោក គី ទីគា អគ្គនាយកក្រុមហ៊ុន អេរ៉ា ហូធែល និងស៊ូន ស៊ូន គ្រុប បានថ្លែងថា ដោយទទួលបានការគាំទ្រពីសំណាក់ ប្រជាពលរដ្ឋកម្ពុជា កាលពីឆ្នាំ២០១៧កន្លងទៅ មីហ្គោល ទទួលបានការលក់ចេញប្រមាណជិត៣០លានដុល្លារអាមេរិក ហើយលោកសង្ឃឹមថា នៅឆ្នាំ២០១៨នេះ ក្រុមហ៊ុននឹងធ្វើយ៉ាងណាឱ្យផលិផល មីហ្គោលលក់កើនជាង៤០លានដុល្លារអាមេរិក បន្ថែមទៀត។
អគ្គនាយករូបនេះ បានបន្តថា ការដែលប្រជាពលរដ្ឋជឿជាក់លើផលិតផលមួយបានផលិតយ៉ាងផ្ចិតផ្ចង់ ដោយសសៃរមីផលិតឡើងពីម្សៅមីសុទ្ធធម្មជាតិ១០០ភាគរយ នឹងទឹកស៊ុបរសជាតិឆ្ងាញ់កម្រិតស្តង់ដារខ្ពស់របស់ (Mamee & Eragold Singapore) ក្រោមទិសដៅ៣ ចំបងគឺ គុណភាព អនាម័យល្អ និងសុខភាព៕