(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមដានសកម្មភាពក្រុមប្រឆាំង ដែលធ្វើសកម្មភាពដើរប្រាប់ប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោត។ បើឃើញករណីដូចនេះ ត្រូវរាយការណ៍មកថ្នាក់លើភ្លាមៗ ដើម្បីប្តឹងទៅសមត្ថកិច្ច ចាត់វិធានការតាមច្បាប់។
លោកបានថ្លែងបែបនេះនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីសម្ពោធអគារថ្មីទីស្នាក់បក្សឃុំអូរតាគី ដោយមានការចូលរួមពី ប្រធាន អនុប្រធានស្រុកថ្មគោល ប្រធានបក្សឃុំទាំង២ សមាជិកគណបក្សប្រជាជនកម្ពុជា មកពីឃុំតាម៉ឺន និងឃុំអូរតាគីប្រមាណជិត១០០នាក់។
លោក សួស អង្គារ៍ បានថ្លែងបន្តថា ដោយសារគណបក្សប្រជាជនកម្ពុជា បានធ្វើអំពើល្អគ្រប់បែបយ៉ាង ដឹងសុខទុក្ខពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបានកសាងអភិវឌ្ឍន៍ មូលដ្ឋានគ្រប់កន្លែងរហូតមក ទើបធ្វើឲ្យប្រជាពលរដ្ឋនៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំបាន៥អាណត្តិកន្លងមក និងគាំទ្រអណត្តិទី៦ បន្តទៀតតាមរយៈការបោះឆ្នោតជ្រើសរើសតំណារាស្រ្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោកបានបញ្ជាក់ថា «ទោះជាគណបក្សប្រជាជនកម្ពុជា បានធ្វើល្អយ៉ាងណាក៏ដោយ តែនៅមានក្រុមជនអគតិផ្កាប់មុខមួយចំនួន បានស្រែកឃោសនាបោកប្រាស់ មិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតនាពេលខាងមុខនេះ ដែលជាអំពើខុសច្បាប់រួចទៅហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋឈប់ចាញ់បោកពួកក្រុមនេះបន្តទៀត ដែលជាអ្នកអូសទាញបងប្អូន ឱ្យទៅជាប់ពាក់ព័ន្ធនឹងទោសទណ្ឌជាមួយឲ្យសោះ»។
លោកបានប្រាប់ទៅសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ថា «យើងត្រូវមានទំនាក់ទំនង និងសាមគ្គីគ្នាឲ្យបានល្អ និងតាមដានសភាពការណ៍ទូទៅចាប់ថ្ងៃនេះ រហូតដល់ថ្ងៃបោះឆ្នោតរួចរាល់ បើមានជនអគតិណាបានដើរធ្វើសកម្មភាពប្រាប់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ក្នុងមូលដ្ឋានយើង សមាជិកទាំងអស់ក៏ត្រូវវាយបកតបទៅភ្លាមៗផងដែរ និងត្រូវរាយការណ៍ជាបន្ទាន់មកថ្នាក់លើ ដើម្បីប្តឹងទៅសមត្ថកិច្ចចាត់វិធានការតាមច្បាប់»។
ក្នុងពិធីសម្ពោធអគារថ្មីទីស្នាក់បក្សនេះដែរ សមាជិក សមាជិកាបក្សទាំងអស់បានប្តេជ្ញាចិត្តដូចៗគ្នាថានាំគ្នាទៅបោះឆ្នោតនៅ ខែក្រោយនេះគឺបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេច បន្តដឹកនាំប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើនខ្លាំងជាងមុនបន្ថែមទៀតផងដែរ៕