(ភ្នំពេញ)៖ យុវជនជនជាតិវៀតណាមម្នាក់ ដែលធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រី អាយុ៤ឆ្នាំ បានសម្រេចហើយសម្លាប់ចោលញាត់ចូលពាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការតាមច្បាប់។
យុវជនជនជាតិវៀតណាមរូបនេះ ឈ្មោះ ង្វៀង យាំងយី ហៅអាដំឡូង អាយុ៣៣ឆ្នាំ មុខរបរលក់ដំឡូង បានត្រូវលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ។
ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ខ ស ច អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ខា ហូល អាយុ៣២ឆ្នាំ មានម្តាយ ឈ្មោះ ចាន់ ធីជី ហៅម៉ាចាយ អាយុ២៦ឆ្នាំ ហើយក្មេងស្រីរងគ្រោះ ជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ស្រី៣នាក់ ប្រុសម្នាក់។
មន្ដ្រីនគរបាលបានឲ្យដឹងថា កាលពីវេលាម៉ោង៧៖២៥យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ បានរត់លេងងូតទឹកភ្លៀង ហើយត្រូវបានជនសង្ស័យ លួងលោមនាំយកទៅ ចំណុចផ្ទះចាស់ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ៥ក្នុង ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ អង្អែលស្ទាបប្រដាប់ភេទ ហើយចាប់រំលោភសេពសន្ថវៈ ដៃខ្ទប់មាត់ជាប់ ធ្វើឲ្យជនរងគ្រោះថប់ដង្ហើមរហូតដល់ស្លាប់ ហើយបានយកក្មេងស្រីរងគ្រោះញាត់ចូលពាង ក្នុងបន្ទប់ទឹក ផ្ទះរួចហើយជនសង្ស័យលូនចេញតាមបង្អួច ទៅសម្ងំនៅមាត់ទន្លេ។
មន្ដ្រីនគរបាលបន្តទៀតថា ឪពុកម្តាយក្មេងស្រី ដោយបាត់កូនយូរមិនឃើញមកផ្ទះ នៅវេលាម៉ោង៨៖៣០យប់ថ្ងៃដដែល ក្រុមគ្រួសារចែកគ្នាដើរតាមស្វែងរក ហើយបានប្រទះឃើញ កូនស្រីស្លាប់ក្នុងពាងទឹកក្នុងសភាពអាក្រាតកាយ មានហូរឈាមផង មិនអស់ចិត្តអាណិតកូនស្រី ព្យាយាមដឹកយកទៅមន្ទីរពេទ្យបង្អែក សម្តេចឪ តែត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះបានស្លាប់ហើយ ទាំងក្រុមគ្រួសារស្លុតចិត្តទើប រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ហើយធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចស្វែងរកប្រទះឃើញជនសង្ស័យនៅមាត់ទន្លេ ទើបចាប់បាននាំទៅធ្វើការសាកសួរតាមនីតិវិធី។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពទាំងអស់ នូវសកម្មភាពដែលខ្លួនបានប្រព្រឹត្ត៕