(សឹង្ហបុរី)៖ ក្នុងឱកាសអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៧ នៅប្រទេសសឹង្ហបូរី នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការពារជាតិប្រទេសសឹង្ហបូរី លោក Ng Eng Hen រដ្ឋមន្ត្រីការពារជាតិសឹង្ហបូរី នៅក្នុងសណ្ឋគារសាងគ្រីឡា។
នៅក្នុងជំនួបនោះ លោក Ng Eng Hen បានលើកឡើងអំពីបញ្ហាភេរវកម្ម ដែលបានកើតមានឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី នាពេលកន្លងមក ដែលព្រឹត្តការណ៍នេះ ត្រូវបានប្រមុខការពារជាតិសឹង្ហបូរីចាត់ទុកថា បានវាយប្រហារមកលើគ្រួសារប្រទេសអាស៊ាន។
ទាក់ទងទៅនឹងសំណួររបស់ប្រមុខការពារជាតិសឹង្ហបូរី ដែលបានសួរថា «តើកម្ពុជាមានទទួលរងផលប៉ះពាល់ ដោយអំពើភេរវកម្មដែលឬទេ?» សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «នៅកម្ពុជាមិនមានអ្វីកើតឡើង ដោយសារអំពើភេរវកម្មនោះទេ ដោយកម្ពុជាមានសុខដុមនីយ៍កម្មផ្នែកសាសនា ហើយកម្ពុជាធ្វើការគ្រប់គ្រងរាល់ច្រកចេញចូលបានល្អ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់តាមដានស៊ើបអង្កេតជាប្រចាំ ដើម្បីទប់ស្កាត់រាល់ឧបាយកល នៃអំពើភេរវកម្មនេះ កុំឲ្យកើតមានឡើង។ ទន្ទឹមនេះក៏បានយកចិត្តទុកដាក់បន្តចូលរួមហ្វឹកហ្វឺនរៀនសូត្រ ប្រឆាំងអំពើភេរវកម្មថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីការពារជាតិសឹង្ហបូរី បានលើកឡើងថា នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៧ ឆ្នាំ២០១៨ នឹងផ្តោតការពិភាក្សាទៅលើបញ្ហាឥណ្ឌូ ប៉ាស៊ីហ្វ៊ិក។
ប្រមុខការពាតជាតិទាំងពីរកម្ពុជា-សឹង្ហបូរី ក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ស្តីអំពីដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលក្នុងរយៈពេលកន្លងមក កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ធ្លាប់បានប្រជុំបូកជាមួយចិន ជប៉ុន និងសហរដ្ឋអាមេរិក ហើយសម្រាប់កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលត្រូវប្រជុំបន្តជាមួយដៃគូរដ៏ទៃទៀត ត្រូវបានរដ្ឋមន្ត្រីការពារជាតិទាំងពីរឯកភាពគ្នា ទុកឲ្យមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន បន្តធ្វើការពិភាក្សាគ្នានៅពេលខាងមុខបន្តទៀត៕